កាលពីថ្ងៃទី ០៧ ខែកក្កដាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានប្រកាសលុបចោល បំណុល ១,០៤ពាន់លានដុល្លារ ទាក់ទងនឹងដីកសិករច្រើនជាងកន្លះលាននាក់ ដើម្បីបង្កើនទិន្នផលស្បៀងអាហារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា “ច្បាប់រំដោះកសិកម្មថ្មី” ដែលប្រធានាធិបតីរូបនេះបានចុះហត្ថលេខា គឺជាច្បាប់បានលើកលែងបំណុល ទាក់ទងនឹងអចលនទ្រព្យទាំងអស់ ដែលជំពាក់ដោយកសិករ ដែលត្រូវបានផ្តល់ដីក្នុងលក្ខខណ្ឌបង់ប្រាក់រយៈពេល ៣០ឆ្នាំ ក្រោមកម្មវិធីកំណែទម្រង់ដីធ្លីឆ្នាំ ១៩៩៨ ប៉ុន្តែគ្មានលទ្ធភាពបង់ប្រាក់បន្ត។
លោក Marcos បាននិយាយនៅក្នុងពិធីចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថ្មីថា៖ ពួកយើងដឹច្បាស់ថា ប្រជាកសិករមិនអាចមានលទ្ធភាពសងបំណុលដ៏ធំនេះបានឡើយ ដូច្នេះទុកបន្ទុកមួយនេះឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ គឺជារឿងត្រឹមត្រូវបំផុត។
ប្រធានាធិបតីហ្វីលីពីនបន្ថែមថា៖ ការលុបចោលបំណុលដែលទទួលបានការយល់ព្រមពីធនាគាររដ្ឋមានន័យថា ពួកយើងធ្វើគ្រប់មធ្យោបាយ ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាជន។
សូមជម្រាបបន្ថែមថា សភាបានអនុម័តច្បាប់ថ្មីនេះ ដោយសារដីស្រែចម្ការជិត ១,២លានហិចតា មិនទទួលបានការបង់ប្រាក់ ស្របពេលទិន្នផលកសិកម្មដែលរួមចំណែកធំ ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុកកំពុងថយចុះផង ទើបរដ្ឋាភិបាលហ្វីលីពីនសម្រេចចិត្តលុបចោលបំណុលកសិករជាង ១ពាន់លានដុល្លារនោះតែម្ដង៕