ក្រុមហ៊ុនថាមពលថៃ PTT កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសកាតា ជុំវិញការផ្គត់ផ្គង់ហ្គាសដ៏ធំមួយ

អន្តរជាតិ

យោងតាមប្រភពមួយចំនួន បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ក្នុងពេលថ្មីៗនេះថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ថៃ PTT ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ កំពុងស្ថិតនៅក្នុងការពិភាក្សាកម្រិតខ្ពស់មួយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់​ហ្គាស (LNG) រយ:ពេល ១៥ ឆ្នាំ ជាមួយប្រទេសកាតា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ប្រទេសថៃមួយនេះ កំពុងចរចាក្នុងការផ្គត់ផ្គង់ហ្គាស ១ ឬ ២ លានតោន ក្នុងមួយឆ្នាំ ខណ:នេះ អាចនឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំមួយរវាងប្រទេសនៅក្នុងតំបន់អាស៊ី សម្រាប់ការផ្គត់ផ្គង់រយ:ពេលដ៏វែងមួយ ។

គួរឱ្យដឹងថា កាតាគឺជាប្រទេសនាំចេញហ្គាស LNG ធំបំផុតមួយនៅក្នុងពិភពលោក ចំពេលការប្រកួតប្រជែងទៅលើការផ្គត់ផ្គង់ហ្គាស បានកើនឡើងចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន កាលពីឆ្នាំមុន ជាពិសេសនៅពេលដែលប្រទេសនៅតំបន់អឺរ៉ុប ត្រូវការបរិមាណដ៏ច្រើន ដើម្បីជំនួសឧស្ម័នដែលបង្ហូរចេញពីប្រទេសរុស្ស៊ី ។

មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញពាណិជ្ជកម្ម បាននិយាយថា ក្រុមហ៊ុន PTT របស់ថៃ បាននិងកំពុងស្វែងរកប្រភពថ្មី ដើម្បីនាំចូលហ្គាសបន្ថែម នៅឆ្នាំនេះ រួមជាមួយនឹងក្រុមហ៊ុនផ្សេងទៀត នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញតម្លៃឥន្ធន:ប្រភេទនេះ បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ កាលពីឆ្នាំមុន៕