ចំពោះមុខនាយករដ្ឋមន្ត្រីចិន លោកស្រី Yellen និយាយថា អាមេរិកចង់ប្រកួតជាមួយចិន ដោយស្មើភាព

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបពិភាក្សាការងារជាមួយ​នាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីរសៀលថ្ងៃសុក្រ ដោយជជែកគ្នាពី​ស្ថានភាព​ទំនាក់ទំនង​សេដ្ឋកិច្ចរវាងមហាអំណាច​ទាំង ២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Barrons បានបង្ហាញថា កិច្ចប្រជុំមួយនោះ​ធ្វើឡើងនៅ​អគាររដ្ឋ The Great Hall of the People ខណៈ​លោកស្រី Yellen បាននិយាយចំៗទៅកាន់​នាយករដ្ឋមន្ត្រីចិនថា អាមេរិកចង់បានការប្រកួតប្រជែងដោយស្មើភាពជាមួយចិន។

“ពួកយើង​ចង់បានការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ច ដែលមានភាព​ស្មោះត្រង់ មិនមែន​ភាគីម្ខាងទទួលបានគ្រប់យ៉ាង ខណៈម្ខាងទៀតមិនបានអ្វីសោះឡើយ ពោលគឺ​ការប្រកួតគ្នា​ដោយ​មានច្បាប់ត្រឹមត្រូវ និងអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២”។ នេះបើតាម​សម្ដី​របស់​លោកស្រី Yellen បាននិយាយ។

សូមជម្រាបដែរថា លោកស្រី Janet Yellen គឺជា​រដ្ឋមន្ត្រីអាមេរិកជាន់ខ្ពស់ទី ២ ដែលបាន​បំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីប្រមុខការទូត Antony Blinken ដែលបាន​មក​ធ្វើទស្សនកិច្ចនៅមហាអំណាចអាស៊ីកាលពីខែមុន ជាមួយគោលបំណងដូចគ្នា គឺរឹតចំណង​មិត្តភាព​រវាង​ចិន និងអាមេរិកឡើងវិញ ប៉ុន្តែ​មិនទទួលបានលទ្ធផលជាដុំកំភួនឡើយ។

ដោយឡែក នាយករដ្ឋមន្ត្រីចិនក៏បានឆ្លើយតបវិញដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន​អាច​មានភាពប្រសើរឡើងវិញ បន្ទាប់ពីជួបព្យុះភ្លៀងមួយរយៈកាលចុងក្រោយ៕