ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ចូលជួបសម្តែងការគួរសមលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស រួមជាមួយលោក Salib នាយក​ប្រតិបត្តិទូរទស្សន៍ DTV ប្រទេសថៃ ​​កាល​ពី​​រសៀល​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ​​បាន​អញ្ជើញ​ចូល​ជួប​​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅ​ទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ​ដែរ លោកឧកញ៉ា អ៊ឹង ឆៃងួន បានជម្រាបជូនពី​ដំណើរការ​វិវឌ្ឍន៍​ថ្មីៗ​របស់ស្ថានីយ៍ទូរទស្សន៍​ហង្សមាស និងរស្មីហង្សមាស ដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងបានដាក់ចេញ​ផែនការ ដើម្បី​​ធ្វើការ​ផលិតកម្មវិធីថ្មីៗ​ជាច្រើនទៀត សម្រាប់ផ្សាយនៅទូរទស្សន៍ហង្សមាស នៅ​ក្រោយការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាង​មុខ​នេះ។ បន្ថែម​ពី​នេះ លោក​ឧកញ៉ា​អគ្គនាយកក្រុមហ៊ុន ហង្សមាស និងរស្មីហង្សមាស ក៏​បានគោរពស្នើសុំការគាំទ្របន្តទៀតពី លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែល​ជានិច្ច​កាលកន្លងមកតែងតែគាំទ្រ ​និងសហការដ៏ល្អដល់ទូរទស្សន៍ហង្សមាស។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្តែង​នូវក្តី​រីករាយ និងកោតសរសើរចំពោះភាពរីក​ចម្រើន​ យ៉ាងខ្លាំង​របស់​ស្ថានីយ៍​ទូរទស្សន៍ហង្សមាស ហើយជាមួយនេះដែរ លោក​ បានជូនពរចំពោះការបែកចែក​ថ្នាក់ដឹកនាំ​ទូរទស្សន៍​ហង្សមាស សម្រាប់ការគ្រប់គ្រងការផ្សាយផ្ទាល់ និង​ផ្សាយតាមប្រពន្ធ័​ផ្សាយរណប ដែលធ្វើឱ្យ​គម្រោងការ​ផ្សាយ​កម្មវិធី​នានា​របស់ទូរទស្សន៍ហង្សមាស កាន់តែស៊ី​ជម្រៅ​ដល់ប្រជាជនកម្ពុជា​គ្រប់​មជ្ឈដ្ឋាន។

ទទឹមនឹងនេះ​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បាន​លើក​ឡើង​ថា ក្រសួងព័ត៌មាន​​បាន​ត្រៀមខ្លួន​​រួច​រាល់​ សម្រាប់ផ្តល់កិច្ច​សហការ​ជាមួយ​ទូរទស្សន៍ហង្សមាស និង​​ទូរទស្សន៍ DTV ​ ​​ឱ្យ​កាន់តែរីក​ចម្រើន​បន្ត​ទៅមុខទៀត៕