មន្រ្តីជាន់ខ្ពស់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ​​ តម្លៃ១ ៥០០ លានដុល្លារ សាងសង់បានជាង ៥០%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ សម្រេចលទ្ធផលបានជាង ៥០% ក្រោយបើកដំណើរការងារសាងសង់អស់រយៈពេលជាង៣ឆ្នាំមកនេះ ពោលគឺចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពី មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០% ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ។

លោកបញ្ជាក់ទៀតថា៖« ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ហើយបន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់ធុនធំៗថែមទៀត»។

សូមរម្លឹកដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឱ្យដឹងដែរថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត នៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ៕

អត្ថបទ៖ ពិសី