អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីជួបជុំសំណេះសំណាលរវាងវិស័យឯកជនកម្ពុជា និងបេសកជនពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺលោក នីកូឡាស មូ (Nicolas Moore) ដែលប្រព្រឹត្តទៅនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ពិធីជួបជុំសំណេះសំណាលនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជាសរុបជាង ៨០ នាក់។ កម្មវិធីជួបជុំនេះ ប្រារព្វឡើងក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់បេសកជនពិសេសរបស់អូស្ត្រាលី ក្នុងគោលបំណងពង្រឹងចំណងទាក់ទង ជាមួយវិស័យឯកជនកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់ បេសកជនពិសេសរបស់អូស្ត្រាលី និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសអូស្ត្រាលីនិងកម្ពុជា ដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ១៩៥២មក ដែលក្នុងនោះ អូស្ត្រាលីបានជួយគាំទ្រក្នុងដំណើរការសន្តិភាពនៅកម្ពុជា ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ដែលជាការរួមចំណែកកសាងគ្រឹះស្ថិរភាពបច្ចុប្បន្នរបស់កម្ពុជា។
អ្នកឧកញ៉ាប្រធាន ក៏បានសម្តែងនូវទឹកចិត្តរីករាយចំពោះការដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការដៅយកកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគ ដែលកំពុងស្ទុះឡើង ហើយអាស៊ាន គឺជាកន្លែងសម្រាប់ធ្វើធុរកិច្ចនាពេលអនាគត ដោយមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោកជាមួយនឹងប្រជាជនសរុបជាង ៦៦០ លាននាក់ និងផលទុនជាតិសរុប ៣,៦៦ ទ្រីលានដុល្លារ។ ជាពិសេសជាងនេះទៀត កម្ពុជាគឺស្ថិតនៅចំកណ្តាលនៃតំបន់នេះ។
បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ច និងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលីណូវែលហ្សេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ កម្ពុជា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយក្នុងតំបន់ ដែលឆ្នាំ២០២៣នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ក្នុងអត្រា ៥,៦%។
បច្ចុប្បន្នមានក្រុមហ៊ុនអូស្ត្រាលីជាច្រើន កំពុងប្រកបអាជីវកម្មនៅកម្ពុជា។ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម គាំទ្រដល់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ទៅលើគ្រប់វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និងវិស័យអប់រំ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេរភាគីឱ្យកាន់តែស្អិតរមួត៕