ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជំនួសលោក Qin Gang

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នាសប្ដាហ៍នេះឡើយ បន្ទាប់ពីរបាយការណ៍​ថា រដ្ឋមន្ត្រីការបរទេសម្នាក់នេះ បានបាត់មុខពីសាធារណៈអស់រយៈពេលច្រើនជាង ២សប្ដាហ៍មកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ជំនួសឲ្យ​អវត្តមាន​របស់​លោក Qin Gang ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ក្នុងនាម​ជា​អ្នកតំណាងឲ្យប្រទេសចិន។

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំកំពូល​រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន គ្រោងធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃសុក្រ និងវេទិកាតំបន់អាស៊ាន។

គួររំលឹកដែរថា លោក Qin ដែលមានវ័យ ៥៧ឆ្នាំ បានក្លាយជាអ្នកស្នងតំណែងជា​រដ្ឋមន្ត្រីការបរទេស​ពីលោក Wang កាលពីខែធ្នូឆ្នាំទៅ ហើយ​លោកបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចុងក្រោយ​បំផុតគឺ កាលពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពី​ជួប​ប្រជុំជាមួយ​ស្រីលង្កា រុស្ស៊ី និងវៀតណាម៕