ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមរយៈសារជាសំឡេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការស្នើឱ្យបញ្ចេញរថយន្តសម្រាប់ដឹកជញ្ជូន កម្មករ កម្មការិនី ទៅបោះឆ្នោត នៅតាមបណ្តាខេត្ត គឺមិនត្រូវមានការរើសអើង និន្នាការនយោបាយនោះឡើយ។លើសពីនេះ សម្តេចតេជោ អះអាងថា ការដឹកជញ្ជូននេះដែរ ក៏មិនមែនជាការទិញ សន្លឹកឆ្នោតនោះដែរ។
តាមរយៈសារជាសំឡេងនេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានដាក់បញ្ជាដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យធ្វើការសហការជាមួយ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីដំណើរការលើកិច្ចការងារបានរលូន និងដឹកជញ្ជូនកម្មករ-កម្មារិនីឱ្យដល់គោលដៅរៀងខ្លួន។
បើតាមសម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ៕ អត្ថបទ៖ ពិសី