ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា បានកើនឡើងដល់ ២,៨ពាន់លានដុល្លារ គិតត្រឹមរយ:ពេល ៥ ខែដំបូង ឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើងដល់ ៣% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
យោងទៅតាមសារព័ត៌មាន SBM បានបង្ហាញឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ក្នុងចំនួនប្រមាណ ១,៣ពាន់លានដុល្លារអាមេរិក និងបាននាំចូលទំនិញពីប្រទេសវៀតណាមវិញ នៅក្នុងចំនួន ១,៥ពាន់លានដុល្លារអាមេរិក។
យ៉ាងណាមិញ ជាមួយនឹងកំណើនពាណិជ្ជកម្មវិជ្ជមានបែបនេះ វៀតណាម មិនត្រឹមតែជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេបំផុតនៅក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបានជាប់នៅក្នុងចំណាត់ថ្នាក់លេខ ៣ ចំណោមដៃគូធំៗរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ផងដែរ ។
គួរឱ្យដឹងផងដែរថា កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម ត្រូវបានជំរុញជាចម្បងដោយផលិតផលកសិកម្ម ពោលគឺដោយសារតែមានការកើនឡើងខ្ពស់ចំពោះការប្រមូលផល នៅរយ:ពេល ៥ ខែដំបូងឆ្នាំនេះ។
ជម្រាបជូនផងដែរថា ចំណូលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយជាមធ្យមទទួលបាន ១៨,៥% ក្នុងអំឡុងឆ្នាំ ២០១០-២០១៥ និងលើសពី ២១% ក្នុងអំឡុងឆ្នាំ ២០១៥-២០២០ ៕