ថ្នាក់ដឹកនាំក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) តំណាងលោកឧកញ៉ា សុខ ហុង កូនប្រុសទី២ របស់អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗ ដើមខែកក្កដាកន្លងទៅនេះ បានឧបត្ថម្ភរថយន្តចំនួន ០១គ្រឿង និងភេសជ្ជៈប៉ូវកម្លាំង M-150 ចំនួន ៥០០កេស ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ អមដោយលោកមេបញ្ជាការរងខេត្ដ និងនាយអាវុធហត្ថខេត្ត និងលោក សុខ ចេន អគ្គនាយករងនៃក្រុមហ៊ុន អេច អេច ស៊ី គ្រុប តំណាងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេច ស៊ី គ្រុប។ ការឧបត្ថម្ភរថយន្តនេះ គឺដើម្បីជួយសម្រួលកិច្ចប្រតិបត្ដិការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការពារភូមិសាស្រ្ត និងធានាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយភូមិឃុំ/សង្កាត់មានសុត្ថិភាព របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ក្រុមហ៊ុន អេច អេច ស៊ី គ្រុប របស់លោកឧកញ៉ា សុខ ហុង ជានិច្ចកាលតែងតែជួយដល់សកម្មភាពសង្គមនានា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង កាលពីខែមិថុនា ក្រុមហ៊ុនក៏បានប្រគល់រង្វាន់លើកទឹកចិត្ដជូនដល់អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជាទាំងអស់ ដែលរង្វាន់រួមមាន ភេសជ្ជៈចំនួន ១៨៩៨កេស និងថវិកាសរុបជាទឹកប្រាក់ចំនួន ១៣០លានរៀល ផងដែរ៕