ឧកញ៉ា ប៉ិច បូឡែន៖ ពេលខ្លះក៏ហត់ ហើយចង់ឈប់ និងធ្លាប់សួរខ្លួនឯងថា ប្រឹងដើម្បីអ្វី?

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពេលខ្លះ​លោក​ក៏​មាន​អារម្មណ៍​ថា​ហត់នឿយ ​​ហើយ​ចង់​ឈប់​សម្រាក​​​ ប៉ុន្តែ​ដោយសារ​ការ​ស្រឡាញ់ ការ​ចូលចិត្ត ​​និង​ការ​ជាប់​ចិត្ត​នឹង​អនាគត​កុមារ និង​យុវជន​​កម្ពុជា​គ្រប់រូប ទើប​ធ្វើ​ឱ្យ​​លោក​​នៅ​តែ​មាន​កម្លាំង​ចិត្ត​ ប្រឹងប្រែង​ធ្វើការងារ​អប់រំ​​​​​បន្ត​ទៅ​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ ​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ឧកញ៉ា ប៉ិច បូឡែន ​​បាន​​លើក​ឡើង​ថា ពេលខ្លះក៏ហត់ហើយ​ចង់ឈប់ ហើយក៏ធ្លាប់សួរខ្លួនឯងថាប្រឹងម៉្លេះ ប្រឹងដើម្បីអ្វី? បើគ្រាន់តែទ្រព្យធន​សមគួររស់នៅក្នុងជីវភាព​ថ្លៃថ្នូរ​មួយក្នុងសង្គមក៏មានហើយ ហេតុអ្វីនៅតែធ្វើឱ្យខ្លួនលំបាក? តែការងារអប់រំនេះ ​កាន់តែធ្វើ កាន់តែចូលចិត្ត កាន់​តែឃើញសារៈសំខាន់ និងចន្លោះ ​ដែលត្រូវជួយបំពេញ។ ចិត្តនៅតែចង់ នៅតែជាប់ចិត្តនឹងអនាគតកុមារ យុវជន​គ្រប់រូប។

លោក​ឧកញ៉ា បាន​បន្ត​ថា ទោះហត់នឿយយ៉ាងណា ក៏នៅតែមានកម្លាំងចិត្ត ប្រឹងគិតប្រឹងធ្វើការងារអប់រំនេះ ក៏ព្រោះ​ចង់ឃើញប្រទេសយើង​មានការរីកចម្រើនបន្ថែមទៀត ហើយការរីកចម្រើន​របស់ប្រទេសមួយ គឺកើតចេញពី​គុណភាពអប់រំល្អ និងគុណភាពធនធានមនុស្សខ្លាំងនេះឯង។

ស្ថាបនិក​សាលា​អន្តរជាតិ​ ​វេសឡាញ រូប​នេះ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ “ជីវិតខ្ញុំមិនមែនរស់នៅ​សម្រាប់​តែ​ខ្លួនឯង ​និងក្រុមគ្រួសារទេ តែសម្រាប់ការអប់រំ និងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំតែងតែគិតថាមនុស្ស​យើង​ម្នាក់កើត​មក គឺដើម្បីបុព្វហេតុណាមួយ។ ចំពោះខ្ញុំ ខ្ញុំកើតមកដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ និងអភិវឌ្ឍ​ធនធាន​មនុស្ស​នេះ។ ដូចនេះ ទោះបីហត់យ៉ាងណា ខ្ញុំនឹងបន្តបេសកកម្មនេះ ហើយខ្ញុំនឹងខំប្រឹងធ្វើឱ្យល្អ ដើម្បី​កូនៗខ្ញុំ និងកូន​ខ្មែរគ្រប់រូប”។

សូម​ជម្រាប​ថា ឧកញ៉ា ប៉ិច បូឡែន កំពុង​​​​កាន់​តួនាទី​សំខាន់ៗ​ជា​ច្រើន​ដូចជា អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប, ទីប្រឹក្សាក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច ​​ហើយ​លោក​ក៏​ទើប​ជាប់​ឆ្នោត​​ កាលពី​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ បន្ត​ធ្វើ​ជា​ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៤-២០២៦ ផងដែរ៕