គណៈកម្មាការរៀបចំការបោះឆ្នោតថៃ ផ្ដល់អនុសាសន៍ព្យួរភាពជាសមាជិកសភារបស់លោក ភីថា

អន្តរជាតិ

នាថ្ងៃពុធទី ១២ ខែកក្កដា គណៈកម្មាការរៀបចំការបោះឆ្នោតថៃ ហៅកាត់ EC បានផ្ដល់អនុសាសន៍ឲ្យ​មាន​ការ​ផ្អាក​ភាព​ជា​សមាជិកសភា​របស់​មេ​គណបក្ស​ឆ្ពោះទៅមុខ (MFP) គឺលោក ភីថា លីមចារើនរ៉ាត់ ក្រោយ​ចោទប្រកាន់ថា បានបំពានច្បាប់ឃោសនារកសន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ទ៌មាន Barrons បានបង្ហាញថា សេចក្ដីប្រកាសមួយនេះ​ធ្វើឡើង​មុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថៃ ដោយសភាតែមួយថ្ងៃប៉ុណ្ណោះ ពោល​ការសម្រេច​ជ្រើសតាំង​ថ្នាក់ដឹកនាំថ្មី នឹងធ្វើឡើងនាថ្ងៃទី ១៣ ខែកក្កដាខាងមុខ។

រំលឹកបន្តិចថា កន្លងមកបេក្ខភាពដែលទទួលបានសម្លេងគាំទ្រច្រើនបំផុត សម្រាប់ការបោះឆ្នោត​សកល​កាលពីឧសភា ជួបបញ្ហាមិនចេះជាប់មិនចេះហើយ ពោល​កាលពីខែមុន EC ធ្លាប់​បាន​បើក​ការ​ស៊ើបអង្កេតពិសេស​លើលោក ភីថា ដើម្បី​ស្វែងរកថា តើលោកអាច​មាន​មាន​លក្ខណៈសម្បត្តិគ្រប់​គ្រាន់ ក្នុងការ​ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឬអត់។

បច្ចុប្បន្ន​ EC បានបញ្ជូន​សំណុំរឿងមួយនេះទៅកាន់​តុលាការ​ធម្មនុញ្ញ​ដើម្បីកាត់ក្ដី ខណៈ​លោក​ភីថា នឹង​ត្រូវចូល​ខ្លួន​តាម​ការកោះហៅនាថ្ងៃស្អែកនេះ។

ជម្រាបបន្ថែមថា ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ បើទោះជា​លោក​ភីថា ត្រូវបាន​ព្យួរឈ្មោះ​ជា​សមាជិក​សភា​ក៏ដោយ ប៉ុន្តែលោកនៅតែ​អាច​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រីបាន​ដដែល៕