រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ ទោះមានរឿងអ្វីក៏ដោយ អាស៊ានត្រូវតែគោរពតាមគោលការណ៍ ៥ចំណុច

អន្តរជាតិ

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានលើកឡើងថា ទោះ​បញ្ហានយោបាយនៅ​មីយ៉ាន់​កំពុង​ធ្លាក់ក្នុងសភាពបែបណាក៏ដោយ អាស៊ាន​ត្រូវតែគោរពតាម​គោលការណ៍ ៥ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំ​អាស៊ាន​ទាំងអស់ បានជំនុំគ្នានៅទីក្រុងហ្សាកាតា ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កើតមាននៅមីយ៉ាន់ម៉ា ហើយ​ក្រោយកិច្ចប្រជុំមួយនោះ​បញ្ចប់ អាស៊ាន​ក៏​ឯកភាព​គ្នា​លើ​គោលការណ៍​ ៥ ចំណុច។

គោលការណ៍​ ៥ចំណុចនោះមានដូចជា៖

ទី១៖ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​ភាគី​ទាំងអស់​ត្រូវ​អត់ធ្មត់​ជា​អតិបរមា​។

ទី​២៖ ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចាប់ផ្តើម​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវជួយសម្រួលដល់ការសម្របសម្រួលនៃដំណើរការសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី​៤៖ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ហៅកាត់ AHA ។

ទី​៥៖ បេសកជន​ពិសេស និង​គណៈប្រតិភូ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។

សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ាន​ដែល​ធ្វើឡើងកាលពីឆ្នាំមុន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា សមាជិកអាស៊ានទាំងអស់ត្រូវតែព្យាយាម គ្រប់សកម្មភាព​ ដើម្បីទ្រទ្រង់ និងគោរព​តាម​គោលការណ៍ ៥ចំណុចខាងលើ៕