ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ៦០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មលើវិស័យកសិកម្ម នៅហ្វីលីពីន

អន្តរជាតិ

ថ្មីៗនេះ នាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីន (DOF) បានឈានដល់ការចុះកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៦០០លានដុល្លារ ជាមួយធនាគារពិភពលោក សម្រាប់ធ្វើទំនើបកម្ម និងឧស្សាហូបនីយកម្ម ទៅលើវិស័យកសិកម្ម របស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

DOF បានបង្ហាញថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះ នឹងបម្រើទៅដល់កម្រោងអភិវឌ្ឍជនបទហ្វីលីពីន (PRDP) Scale-Up ដែលផ្តោតទៅលើការប្រែក្លាយកសិកម្មទៅជាបែបទំនើប និងឧស្សាហកម្មតាមរយៈអន្តរាគមន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការពង្រឹងខ្សែសង្វាក់តម្លៃទំនិញ ផងដែរ។

គួរឱ្យដឹងថា គម្រោង PRDP Scale-Up ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់នាយកដ្ឋានកសិកម្មហ្វីលីពីន (DA) គឺជាការឆ្លើយតបដ៏ទូលំទូលាយមួយ ចំពោះបញ្ហាប្រឈមជាប់លាប់ នៅក្នុងវិស័យកសិ-នេសាទ និងសហគមន៍ជនបទក្នុងប្រទេស។ ជាពិសេស គម្រោងនេះនឹងជំរុញកសិករ និងប្រជានេសាទ ចូលទៅកាន់ទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលពីខ្សែសង្វាក់តម្លៃកសិផល ដែលបានជ្រើសរើស និងបង្កើនប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។

ជម្រាបជូនទៀតផងដែរថា គម្រោងនេះ ក៏នឹងរួមបញ្ចូលការវិនិយោគដោយផ្ទាល់ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជនបទ និងអនុគម្រោងសហគ្រាស ដែលវានឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងអ្នកនេសាទប្រហែល ៤៥០ ០០០ នាក់ និងបង្កើតការងារថ្មីបានប្រហែល ៤២ ០០០ កន្លែង៕