ការបង្ក្រាបវិស័យបច្ចេកវិទ្យារបស់រដ្ឋាភិបាលចិនកាលពីជាង ២ឆ្នាំមុន បានធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សជាច្រើនដែលរកស៊ីលើវិស័យមួយនេះ ទទួលរងផលប៉ះពាល់ជាខ្លាំង ប្រមាណជាង ១ទ្រីលានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រយៈពេលជាង ២ឆ្នាំមកនេះ វិស័យបច្ចេកវិទ្យានៅចិន ទទួលរងការខាតបង់ប្រហែល ១,១ទ្រីលានដុល្លារ ខណៈក្រុមហ៊ុនដែលរងការខាតបង់ខ្លាំងបំផុតនោះគឺ Alibaba Group, Tencent, Meituan, Baidu Inc និង JD.com។
យ៉ាងណាមួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលចិនបានចេញវិធានការថ្មី ដោយបន្ធូរបន្ថយលើការរឹតបន្តឹង និងងាកមកបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឯកជននានាឡើងវិញ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ដែលបានខាតបង់អំឡុងពេលមានជំងឺរាតត្បាត។
តួយ៉ាង កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំគម្រោងរដ្ឋចិនបានបើកកិច្ចពិភាក្សា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Tencent Holdings និង Alibaba Group ជាដើម ហើយថែមទាំងបានសរសើរក្រុមហ៊ុនទាំងនោះ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាចិននាពេលកន្លងមក៕