រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងជួបជាមួយប្រមុខការទូតចិន លោក Wang Yi នាថ្ងៃទី ១៣ ខែកក្កដានេះ ដោយយកវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាកន្លែងជួបជជែកគ្នា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា លោក Wang ចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ក្នុងនាមជាអ្នកតំណាងឲ្យចិន និងជំនួសឲ្យរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលខកខានកិច្ចប្រជុំមួយនេះ ដោយសារបញ្ហាសុខភាព។
ដោយឡែក អ្នកជំនាញបានវិភាគថា ការជួបគ្នារវាងប្រមុខការទូតមហាអំណាចសេដ្ឋកិច្ចទាំង ២នេះ គឺអាចនិយាយថា ជាការត្រួសត្រាយផ្លូវ សម្រាប់ការជួបគ្នារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាពេលក្រោយ ខណៈស្ថានការណ៍នៅតែតានតឹងដដែល។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ភាគីអាមេរិកហាក់ព្យាយាមរឹតចំណងមិត្តភាពរវាងមហាអំណាចលោកខាងលិច និងមហាអំណាចចិនឡើងវិញ ពោលទាំងប្រមុខការទូតអាមេរិក Antony Blinken និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yellen សុទ្ធតែបានបំពេញទស្សនកិច្ចទៅកាន់មហាអំណាចអាស៊ី ជាមួយគោលបំណងតែមួយគត់ គឺកសាងទំនាក់ទំនងល្អជាមួយចិនឡើងវិញ៕