ចិន និងអាស៊ាន កំពុងជំរុញការចរចាបន្ថែមលើតំបន់ពាណិជ្ជកម្មសេរី អំឡុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

អន្តរជាតិ

អ្នកការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងជំរុញទៅលើការចរចាចំពោះកំណែទម្រង់បន្ថែមទៀត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសជាច្រើន បាននិយាយថា ៖ “​ ទាំងចិន និងអាស៊ាន កំពុងជំរុញយ៉ាងសកម្មទៅលើការចរចាតំបន់ពាណិជ្ជកម្មសេរី កំណែទម្រង់ 3.0 និងជំរុញឱ្យមានការអនុវត្តន៍ពេញលេញទៅលើកិច្ចព្រមព្រៀង RCEP ផងដែរ ” ។

គួរឱ្យដឹងថាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP) គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយ របស់ពិភពលោក ដែលគាំទ្រដោយប្រទេសចិន។ ខណ:កិច្ចព្រមព្រៀងមួយនេះ ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដោយក្នុងនោះមានសមាជិកមកពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងអូស្រ្តាលី និងជប៉ុន ព្រមទាំងប្រទេសសមាជិកទាំង ១០ របស់អាស៊ាន ផងដែរ។

មិនតែប៉ុណ្ណោះ លោក Wang Yi បាននិយាយទៀតថា ៖ “​ យើងនឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ ចំពោះភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ហើយចិននឹងបង្កើតបរិយាកាសយុទ្ធសាស្រ្តដ៏មានឥទ្ធពលសម្រាប់ការអភិវឌ្ឍ និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ភាគីទាំងពីរ ក៏ដូចជាការពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែងនៃតំបន់ថែមទៀតផង ” ។

ជម្រាបជូនផងដែរថា យោងតាមទិន្នន័យគយបានបង្ហាញថា តម្លៃនៃពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន បានកើនឡើងដល់ ៤៤៧,៣ពាន់លានដុល្លារ ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ពោលគឺបានធ្លាក់ចុះ ១,៥% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ៕