លោកឧកញ៉ា ហេង បូរិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ក្រេឌីត ភីអិលស៊ី (PRASITHPHEAP CREDIT PLC.) និងគណៈគ្រប់គ្រងរបស់លោក បានសម្រេចទិញនាឡិកា ROMANSON ចំនួន ១០០គ្រឿង សរុបទឹកប្រាក់ចំនួន ២៥,០០០ដុល្លារ សម្រាប់ជាកាដូជូនដល់បុគ្គលិក ដែលមានស្នាដៃបំពេញការងារបានល្អ។
ឧកញ៉ា ហេង បូរិន បានលើកឡើង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ដូច្នេះថា តាមរយៈលោកអគ្គនាយករង (លោក ស៊ូធារី កុសល) លោកឧកញ៉ាសូមចូលរួមអបអរសាទរដល់សាខា និងម្ចាស់ជ័យលាភីទាំងអស់ ដែលបានខិតខំពេញការងារទទួលបានលទ្ធផលបានយ៉ាងល្អ ដែលគណៈគ្រប់គ្រងលើកទឹកចិត្តជាមួយការផ្ដល់ជូន នូវនាឡិកាម៉ាក ROMANSON សរុបចំនួន ១០០ គ្រឿង ដល់អ្នកដែលមានស្នាដៃ ដែលមានតម្លៃសរុបចំនួន ២៥,០០០ដុល្លារ។
នេះមិនមែនលើកទីមួយទេ ដែលឧកញ៉ា ហេង បូរិន ជូនកាដូលើកទឹកចិត្តដល់បុគ្គលិក និងសហការីរបស់លោក។ ជារឿយៗ ឧកញ៉ាវ័យក្មេងរូបនេះ ដែលតែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកថ្នាក់ក្រោម។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ក៏បានប្រគល់រថយន្តថ្មីស្រឡាងមួយគ្រឿង ម៉ាក Toyota Hilux ស៊េរីឆ្នាំ២០២៣ ដល់បុគ្គលិកឆ្នើមម្នាក់ ដែលមានស្នាដៃល្អ រួមចំណែកជាមួយក្រុមហ៊ុន។ ឧកញ៉ា ហេង បូរិន បានលើកជាទស្សនៈមួយ សម្រាប់ជាគតិដល់បុគ្គលិករបស់ខ្លួនថា៖ “ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង លទ្ធផលការងារល្អ គឺជាអាវុធប្រចាំខ្លួន ដើម្បីធ្វើឱ្យជីវិតយើងប្រសើរឡើង”៕