ប្រមុខការទូតចិនប្រាប់ភាគីអាមេរិកឲ្យធ្វើការជាមួយចិន ដើម្បីពង្រឹងទំនាក់ទំនងឡើងវិញ

អន្តរជាតិ

នាថ្ងៃទី ១៤ ខែកក្កដានេះ ប្រមុខការទូតចិន លោក Wang Yi បានទទូចឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន ព្យាយាម​ធ្វើការជាមួយចិន បើសិនចង់​ស្ដារ​ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី​សារព័ត៌មានសិង្ហបុរី CNA បានបង្ហាញថា អំឡុងពេលចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រមុខការទូតចិន ក៏ឆ្លៀតបើកកិច្ចប្រជុំ​ក្រៅផ្លូវការជាមួយ​ប្រមុខការទូត​អាមេរិក Antony Blinken ផងដែរ ដោយជជែកគ្នា​ពី​ស្ថានភាព​ទំនាក់ទំនង​រវាង​អាមេរិក​ និងចិន ដែល​កំពុង​តឹងសសៃ​ក​ដាក់គ្នា។

នៅក្នុងកិច្ចប្រជុំ​រវាង​ប្រមុខការទូត​មហាអំណាចទាំង ២ លោក Wang និយាយថា៖ អាមេរិក​ចាំបាច់ត្រូវប្រកាន់យកវិធីសាស្រ្តសមហេតុសមផល និងជាក់ស្តែង ធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយ​ ទើបអាច​ស្ដារទំនាក់ទំនង​ប្រទេសទាំង ២ឡើងវិញ។

បន្ថែមពីនោះ អតីតរដ្ឋមន្ត្រីការបរទេសចិន​រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋ​អាមេរិក​ត្រូវ​តែបញ្ឈប់ជាបន្ទាន់ ចំពោះការ​លូកដៃចូល​បញ្ហាផ្ទៃក្នុង​របស់ចិន ដែល​លោក​ចង់​សំដៅ​លើ​បញ្ហាកោះតៃវ៉ាន់។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក និងចិន​បានពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ក្រោយ​អាមេរិក​ព្យាយាម​រឹតបន្តឹង​លើ​ការធ្វើពាណិជ្ជកម្ម​របស់ចិន ផ្គត់ផ្គង់​ជំនួយសព្វាវុធទៅកាន់​កោះតៃវ៉ាន់ និងលូកដៃពី​បញ្ហា​សមុទ្រចិនខាងត្បូង៕