គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេ អំឡុងការបោះឆ្នោតជាសកល កាលពីពេលថ្មីៗនេះកន្លងទៅ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីព្យាយាមកាត់បន្ថយអំណាចរបស់ព្រឹទ្ធសភា ក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលគឺក្រោយពីមេដឹកនាំរបស់ខ្លួន មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការប្រជុំសភារួមគ្នា កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយពី CNA ។
សមាជិកបក្សឆ្ពោះទៅមុខ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅកាន់ប្រធានសភាតំណាងរាស្រ្ត លោក Wan Muhamad Noor Matha នៅរសៀលថ្ងៃសុក្រនេះ ក្នុងគោលបំណងលុបចោលមាត្រាទី ២៧២ នៃរដ្ឋធម្មនុញ្ញថៃ ដែលផ្តល់អំណាចដល់ព្រឹទ្ធសភា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី រួមគ្នា ជាមួយសភាតំណាង រហូតដល់ខែឧសភា ឆ្នាំ ២០២៤ ។
មិនតែប៉ុណ្ណោះ អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ លោក Chaithawat Tulaton បាននិយាយយ៉ាងដូច្នេះថា ៖ ” យើងចង់ហៅវាថាជាវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីប្រគល់អំណាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជូនប្រជាជនជំនួសវិញ ” ។
គួរឱ្យដឹងថា សមាជិកសភា និងព្រឹទ្ធសភា បានកោះប្រជុំគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ពោលគឺរយ:ពេល ២ ខែ បន្ទាប់ពីមានការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភា នៅពេលដែលគណបក្សឆ្ពោះទៅមុខ ទទួលបានសំលេងឆ្នោតគាំទ្រនាំមុខគេ ។
ជម្រាបជូនផងដែរថា អំឡុងកិច្ចប្រជុំនោះ មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បានក្លាយជាបេក្ខភាពតែមួយគត់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែលោកនៅតែមិនអាចទទួលបានសំឡេងគាំទ្រជាចាំបាច់ ពីច្រើនជាងពាក់កណ្តាលនៃសភារួមបញ្ចូលគ្នា នោះឡើយ ៕