ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ច្បាស់ៗថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដាច់ខាតមិនអាចក្លាយជារណប នៃមហាអំណាចណាមួយឡើយ ខណៈការលើកឡើងបែបនេះ គឺចំពេលស្ថានការណ៍រវាងចិន និងអាមេរិកកំពុងតានតឹងខ្លាំង។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មានសមាជិកខ្លះបង្ហាញការគាំទ្រដល់ភាគីចិន ឯខ្លះទៀតគាំទ្រអាមេរិក និងធ្វើឲ្យមានការតស៊ូមតិថែមទៀត។
“អាស៊ានមិនអាចក្លាយជាកន្លែងប្រកួតប្រជែង ហើយដាច់ខាតមិនអាចជារណបនៃប្រទេសណាមួយឡើយ ខណៈច្បាប់អន្តរជាតិត្រូវតែប្រកាន់ខ្ជាប់ឲ្យបានល្អបំផុត”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតី វីដូដូ បានប្រាប់ទៅកាន់រដ្ឋមន្ត្រី។
ប្រធានអាស៊ានថែមទាំងបានបញ្ជាក់ទៀតថា៖ ពួកយើងដែលស្ថិតនៅអាស៊ាន ត្រូវតែព្យាយាមពង្រឹងទំនាក់ទំនងជាធ្លុងមួយ និងបង្កើនសាមគ្គីភាព ដើម្បីការពារអាស៊ានឲ្យកាន់តែមានស្ថិរភាព និងសន្តិភាពក្នុងតំបន់បន្ថែមទៀត។
សូមជម្រាបដែរថា ទាំងចិន និងអាមេរិក សុទ្ធតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកន្លងមកមហាអំណាចសេដ្ឋកិច្ចទាំង ២នេះ ព្យាយាមអូសទាញសមាជិកអាស៊ាន ឲ្យចូលមកក្នុងសង្គ្រាមត្រជាក់រវាងពួកគេទាំង ២ ជារឿយៗ៕