មិនប្រកាន់ការងារ! ភរិយាអ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើទឹកប្រហុកលក់ ១ដបតម្លៃ ២ម៉ឺនរៀល

ជុំវិញ​ឧកញ៉ា

ទោះបី​មាន​ស្វាមី​ជា​សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញ​​នៅ​កម្ពុជា​យ៉ាង​ណា​ក្តី ក៏​លោក​ជំទាវ​ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ភរិយា​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​នៅ​តែ​ឆ្លៀត​ពេល​ធ្វើ​ទឹក​ប្រហុក​​លក់​​​រាប់​រយ​ដប​ដោយ​ផ្ទាល់​ដៃ ដោយ​ក្នុង​មួយ​ដប​លក់​ក្នុង​តម្លៃ ២ម៉ឺន​រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោកជំទាវ ម៉ុង សុធា កូនស្រី​ច្បង​របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​​​បាន​បង្ហើប​ឱ្យ​ដឹង​ កាលពី​ថ្ងៃ​សុក្រ​ថា ​ទឹក​ប្រហុក​លាយគ្រឿងស្រាប់ មានលក់ទៀតហើយ បន្ទាប់ពី​​អ្នកម្តាយ​របស់​លោកស្រី​ទើបតែធ្វើរួចថ្មីៗ។ លោក​ស្រី​ ឱ្យ​ដឹង​ទៀត​ថា​ ទឹក​ប្រហុក​នេះ​ គ្រាន់តែយក​ទៅញ៉ាំ​ជាមួយគោដុត សាច់គោអាំង ពោះគោ អណ្តាតគោឆ្ងាញ់​ខ្លាំង​ណាស់ ហើយ​១ដប តម្លៃ​ ២០,០០០​រៀល។ ចំពោះ​ចម្ងល់​ទាក់ទង​នឹង​ទឹកប្រហុក​មាន​ពណ៌​ក្រហម លោកស្រី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​គ្រាន់​ដាក់​ម្ទេស​យក​ពណ៌​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា លោកស្រី ម៉ែន ស៊ុន ទោះ​បី​មាន​ងារ​ជា​ជំទាវ ប៉ុន្តែ​លោកស្រី​ពុំ​​ដែល​​ប្រកាន់​ការងារ ​ប្រើប្រាស់​របស់​ប្រ៊េនៗ ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ពោល​គឺ​លោកជំទាវ​ប្រើ​​ប្រាស់​ជីវិត​សាមញ្ញ​បំផុត ប៉ុន្តែ​អាច​ជួយ​​ការងារ​ស្វាមី​បាន​ច្រើន។ ក្រៅពី​ការងារ​​​ធ្វើ​កសិកម្ម​ជាមួយ​ស្វាមី លោកជំទាវ ជាចុងភៅ​ចម្អិន​ម្ហូបអាហារ​ឱ្យបុគ្គលិក ​និងកម្មករ​ ព្រម​ទាំង​ឆ្លៀត​ពេល​ធ្វើ​មុខម្ហូប​​ខ្មែរ​ផ្សេងៗដោយផ្ទាល់ដៃ ដើម្បី​លក់បន្ថែម​ទៀត​ផង៕