៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹម៦ខែ​ ឆ្នាំ២០២៣ ពោលបើរាប់ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ថវិការលើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ។ នេះបើយោងតាមស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​បន្តថា ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ កើន​ឡើង ៣,៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១៨៥,៧៦​លាន​ដុ​​ល្លារ​។

​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា៖« ចំនួន​នេះ​គឺ​ស្មើ ១,៥៧ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន ១២ ២២៩,១៨​ លាន​ដុល្លារ​។ ​ការ​ចំណាយលើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស គឺដើម្បី​មក​បំពេញ​តម្រូវ​ការ​ក្នុងស្រុក ស្របពេលវិស័យសំណង់កំពុងរីកលូតលាស់។ ​ចំនួន​នេះ​ ​គឺមានការកើនឡើង​តិចតួច ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ទឹក​​ប្រាក់​ខាងលើ​ស្មើនឹង​ជិត ១,៦ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បញ្ចេញ​ទៅលើ​ការ​នាំចូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​អន្តរជាតិ»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦​ លាន​ដុល្លារ​។ ​នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា។

សូមបញ្ជាក់ដែរថា បើតាមឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕