ស៊ី ជិនពីង ប្រាប់អតីតប្រធានាធិបតីហ្វីលីពីន ព្យាយាមរឹតចំណងមិត្តភាពប្រទេសទាំង២ ឡើងវិញ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់អតីតប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ឲ្យ​បន្ត​ព្យាយាម​ពង្រឹងទំនាក់ទំនង​រវាងប្រទេសទាំង ២វិញ បន្ទាប់ពី​ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន ហាក់ដកខ្លួនពីចិន មកពឹងលើអាមេរិកច្រើនជាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Ferdinand Marcos Jr ត្រូវបាន​ជាប់ឆ្នោតជា​ប្រធានាធិបតី ក្នុងឆ្នាំ ២០២២ សម្រាប់អាណត្តិរយៈពេល ៦ឆ្នាំ ហើយ​ក្រោមការដឹក​នាំ​របស់លោក ហ្វីលីពីន​ព្យាយាម​កាត់បន្ថយការពឹងផ្អែក​ទៅលើចិន ដោយងាក​មក​ចាប់ដៃជាមួយ​អាមេរិក​វិញ។

ដោយឡែក ក្នុងជំនួបជាមួយអតីតប្រធានាធិបតីហ្វីលីពីន ថ្នាក់ដឹកនាំកំពូលចិនបានលើកឡើង​ថា៖ ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរតួយ៉ាងសំខាន់ ក្នុងការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ចិន និងហ្វីលីពីន។

ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក Rodrigo បន្ថែមទៀតថា៖ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន អ្នកបានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ នូវជម្រើសជាយុទ្ធសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសចិន ក្នុងអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងចំពោះប្រវត្តិសាស្ត្រ។

សូមជម្រាបបន្ថែមថា កាលពីខែមុន អតីតប្រធានាធិបតីហ្វីលីពីន Rodrigo ធ្លាប់បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុកថា ហ្វីលីពីនអាចនឹងក្លាយជា “ទីបញ្ចុះសព” បើសិនជា​ហ៊ាន​ផុងខ្លួន​កាន់តែជ្រៅ ក្នុងទំនាស់រវាង​មហាអំណាចអាមេរិក និងចិន៕