ក្រុមហ៊ុន Sinopec ដែលជារោងចក្រចម្រាញ់ប្រេងរបស់ចិន គ្រោងនឹងជម្រុញការនាំចូលប្រេងឆៅរបស់ប្រេស៊ីលនៅក្នុងត្រីមាសទី៣នេះ ដើម្បីជំនួសនៃការឡើងថ្លៃនៃតម្លៃប្រេងឆៅដែលនាំចូលមកពីអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានCNA។
ក្រុមហ៊ុនចម្រាញ់ប្រេងចិនបានកាត់បន្ថយការទិញប្រេងពីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីអង្គការ OPEC អនុម័តការកាត់បន្ថយការផលិតប្រេងបន្ថែមទៀត។ មួយវិញទៀតអារ៉ាប៊ីសាអីឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំទីពីររបស់ចិន បានចាត់វិធានការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឆៅនៅទូទាំងពិភពលោក ដែលនាំអោយតម្លៃមានការកើនឡើង។
យ៉ាងណាមិញ ប្រទេសចិនជាប្រទេសនាំចូលប្រេងឆៅដែលឈរនៅលំដាប់កំពូលរបស់ពិភពលោក ដោយប្រទេសមួយនេះបានកក់ប្រេងឆៅរបស់ប្រេស៊ីល ជិត១លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងខែសីហា និងខែកញ្ញា ដោយក្នុងនោះ ប្រេងឆៅប្រមាណ ២០លានបារ៉ែល ត្រូវបានទិញដោយក្រុមហ៊ុន Unipec ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopec Corp។
សូមជម្រាបផងដែរថា ប្រទេសចិនបានកាត់បន្ថយការនាំចូលប្រេងឆៅពីប្រទេសប្រេស៊ីលក្នុងឆ្នាំ២០២២ អំឡុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ខណៈចិនបានប្រមូលទិញប្រេងរបស់រុស្ស៊ីក្នុងតម្លៃថោកៗ ដែលនាំអោយមានការធ្លាក់ចុះនៃការនាំចូលប្រេងឆៅពីប្រទេសប្រេស៊ីល ដោយធ្លាក់ចុះប្រមាណ ១៧,៧% ក្នុងឆ្នាំ២០២២ នេះបើតាមទិន្នន័យពីគយ៕