កសិករឈឹម ស្រីមុំ៖ ក្រោយសេដ្ឋកិច្ចដំណើរការ ម្រេចកំពតចាប់ផ្តើមមានការបញ្ជាទិញពីទីផ្សារអន្តរជាតិច្រើនឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ម្រេចកំពត ចាប់ផ្តើមមានទីផ្សារល្អឡើងវិញ ក្រោយងើបពីវិបត្តិកូវីដ១៩ ពោលឈានចូលឆ្នាំ២០២៣នេះ ដោយមានការបញ្ជាទិញពីអន្តរជាតិជាច្រើន គួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ឈឹម​ ស្រីមុំ ម្ចាស់ចំការម្រេចកំពត ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា ស្របពេលសេដ្ឋកិច្ចអំណោយផលឡើងវិញ ពោលចាប់តាំងពីឆ្នាំ២០២៣នេះមក ឃើញថាមានអតិថិជនអន្តរជាតិកម្មង់ម្រេចច្រើន ជាពិសេសខាងប្រទេសថៃ ចិន តៃវ៉ាន់ អាមេរិក និងប៉ែកខាងអ៊ឺរ៉ុបជាដើម ដោយកសិករអាចលក់បានក្នុងតម្លៃ ៣០ដុល្លារ ក្នុងមួយគីឡូក្រាម ចំពោះម្រេចស(លេខ១) ចំណែកម្រេចក្រហម ក្នុងតម្លៃ ២៥ដុល្លារ និងម្រេចខ្មៅតម្លៃ១៧ដុល្លារ ក្នុងមួយគីឡូក្រាម។

អ្នកស្រីបន្តថា ការបញ្ចាទិញទាំងអស់នេះ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកសិករដែលដាំម្រេច តួយ៉ាងអ្នកស្រីផ្ទាល់មានជីវភាពល្អប្រសើរខ្លះដែរ តែទោះបីជាយ៉ាងណាក៏មិនទាន់មានភាពទូលំទូលាយដូចមុនកូវីដ១៩ នោះទេ ពោលមានការថយចុះបន្តិចបន្តួច អាចមកពីទីផ្សារសេដ្ឋកិច្ចសាកល។

ម្ចាស់ចំការក្តោបក្តាប់ម្រេចប្រមាណជាង៣ពាន់គុម្ពរូបនេះ បានបន្តថា ចំពោះអតិថិជនអន្តរជាតិមានការគាំទ្រច្រើនដោយភាគច្រើនគេផ្តោតលើគុណភាពជាងតម្លៃ ហេតុនេះធ្វើឱ្យម្រេចកំពតទទួលបានការបញ្ជាទិញពីអន្តរជាតិច្រើន ជាពិសេសការចុះមកទិញដល់ទីតាំងតែម្តង។ដោយឡែក ទីផ្សារម្រេចកំពតនៅក្នុងស្រុក មិនទាន់មានភាពទូលំទូលាយនៅឡើយទេ ដោយសារប្រជាកសិករមិនទាន់យល់ពីការផ្តល់តម្លៃឱ្យផលិតផលនៅក្នុងស្រុក ដោយពួកគាត់គាំទ្រលើផលិតផលតម្លៃធូរថ្លៃ ដែលនាំឱ្យផលិតផលមានគុណភាពក្នុងស្រុកមានតម្លៃរាងខ្ពស់ គ្មានការគាំទ្រច្រើន។

គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ២០២៣ ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយក្រុមហ៊ុនសហគ្រាសចំនួន៧ ដែលត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់។ជាមួយនឹងការនាំចេញនេះ បើតាមអ្នកស្រី ឈឹម ស្រីមុំ បានលើកឡើងថា ការនាំចេញទៅក្រៅប្រទេសច្រើន ជារឿងល្អដល់កសិករខ្មែរ ដោយបានលើកស្ទួយដល់ប្រជាកសិករឱ្យមានកម្លាំងទឹកចិត្តក្នុងការធ្វើដំណាំម្រេចបន្តទៀត អាចធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូរ ប្រសើរជាងមិនមានទីផ្សារនាំចេញទៅស្រុកក្រៅ។

គួរឱ្យដឹងថា ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅឆមាសទី១ ឆ្នាំ២០២៣ សម្រេចបានប្រមាណជាង ៤ ៣០០តោន មានការធ្លាក់ចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ៕