មន្រ្តីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយ:ពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០%។
ថ្លែងក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយ:ពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០% ។
លោកបន្តថា៖« ចំនួននេះ បើធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤,៧២៥ជើង កើនឡើង១៤៨% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២»។
ដោយឡែក ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះវិញ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ដែរថា ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ព្រមទាំងចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ដែរថា ជារួមសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩៕ អត្ថបទ៖ ពិសី