កាលពីសប្ដាហ៍មុន មេគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីមិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា។
យ៉ាងណា ការបោះឆ្នោតសម្រេចម្ដងទៀត ត្រូវបានលើកមកធ្វើនាថ្ងៃទី ១៩ ខែកក្កដានេះវិញ ដោយគណបក្សចម្រុះបានរក្សាជំហ គាំទ្រលោកភីថា ក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ខណៈបេក្ខភាពរូបនេះនៅតែបង្ហាញក្ដីសង្ឃឹមក្នុងការក្លាយជាថ្នាក់ដឹកនាំរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
“បន្ទាប់ពីថ្ងៃទី ១៣ ខែកក្កដា ពួកយើងនៅតែបន្តជជែកគ្នា ប៉ុន្តែមានសមាជិកសភាច្រើនរូប មិនបានមកបោះឆ្នោតនាថ្ងៃនោះ។ ពួកយើងមានឱកាសនិយាយគ្នាពីគំនិតរៀងៗខ្លួន តែគួរឲ្យស្ដាយ សមាជិកសភាខ្លះជាប់ភារកិច្ចនៅក្រៅប្រទេស។ យ៉ាងណា លទ្ធភាពនៃការបោះឆ្នោតរបស់ពួកគេ សម្រាប់ខ្ញុំនៅតែមាន ដូច្នេះខ្ញុំនៅតែមានសង្ឃឹម”។ នេះបើតាមសម្ដីរបស់លោកភីថា បាននិយាយកាលពីថ្ងៃច័ន្ទ។
គួររំលឹកដែរថា កាលពីសម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភាកាលពីសប្ដាហ៍មុន លោក ភីថា មិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ឡើយ បើទោះជាលោកជាបេក្ខភាពតែមួយរូបក្ដី ស្របពេលមានការសន្និដ្ឋានថា ការបោះឆ្នោតលើកទី ២នេះ ក៏នឹងមិនទទួលបានលទ្ធផលល្អជាងសារមុនដែរ។
ជម្រាបបន្ថែមថា មេបក្សចម្រុះរូបនេះ ធ្លាប់ប្រកាសថា បើសិនជាលោកបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ នោះលោកនឹងគាំទ្រដល់បក្សសម្ព័ន្ធភឿថៃ ក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីបន្ទាប់៕