ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកឧកញ៉ា សួរ វីរៈ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោកឧកញ៉ា សួរ វីរៈ លេខ នស/រកត/០៧២៣/១៥២៩ នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។
សូមជម្រាបថា ឧកញ៉ា សួរ វីរៈ ជារឿយៗ តែងតែដឹកនាំក្រុមគ្រួសារ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលរួមឧបត្ថម្ភសឹងគ្រប់យុទ្ធនាការសប្បុរធម៌ និងការងារសង្គមជាមួយរដ្ឋាភិបាលកម្ពុជា ដូចជា បរិច្ចាគថវិកាជួយយុទ្ធនាការទប់ស្កាត់កូវីដ-១៩ ដោះស្រាយបញ្ហាគ្រាប់មីន និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា បាននាំយកថវិកាចំនួន ៨១លានរៀល ចូលរួមឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕