អ្នកនយោបាយវ័យក្មេងកំពុងលេចធ្លោ Pita អស់ឱកាសបានតំណែងនាយករដ្ឋមន្រ្តីថៃ

អន្តរជាតិ

រដ្ឋសភាថៃសម្រេចបោះឆ្នោតប្រឆាំងលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតជុំបន្ទាប់នោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានរដ្ឋសភាថៃ បានលើកឡើងថា លោក Pita​ Limjaroenrat មិនអាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ។

សូមជម្រាបជូនថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះក៏បានសម្រេចចិត្តព្យួរតំណែងសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward លោក Pita ជាបណ្តោះអាសន្ន តាមការអំពាវនាវរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។

គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានផ្តល់សំណើរឲ្យតុលាការធម្មនុញ្ញថៃ ធ្វើការព្យួរតំណែងសមាជិកសភារបស់លោក Pita ជាបណ្តោះអាសន្នជុំវិញការចោទប្រកាន់ថា រូបលោក Pita បានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។

យ៉ាងណានៅទំបំផុត លោក Pita និយាយថានឹងផ្ដល់សិទ្ធិឱ្យគណបក្សភឿថៃ បង្កើតក្រុមចម្រុះថ្មី និងជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីថៃ ក្រោយប្រកាសទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ហើយលោក Pita ក៍បានដើរចេញពីសភាថៃផងដែរ៕