កាលពីថ្ងៃពុធកន្លងទៅ មេបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបាត់បង់ឱកាសក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីទទួលបានការជំទាស់ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការឈរឈ្មោះលើកទី ២ ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា គណបក្សភឿថៃ បានក្លាយជាបេក្ខភាពជួរមុខ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយមានការបរាជ័យរបស់មេបក្សចម្រុះ ភីថា បើទោះបីជាកន្លងមក លោកជាបេក្ខភាពតែមួយរូបក្ដី ក្នុងការបោះឆ្នោតសម្រេចដោយសម័យប្រជុំសភាថៃក្ដី។
បច្ចុប្បន្ន ក្រុមអ្នកសង្កេតនយោបាយកំពុងឃ្លាំមើលពីសកម្មភាពបន្ទាប់របស់គណបក្សដឹកនាំដោយកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺអ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ថាតើអ្នកស្រី នឹងបន្តដំណើររួមគ្នាជាមួយគណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ចុះ Mou ជាមួយគ្នា ឬក៏ងាកទៅបង្កើតគណបក្សចម្រុះថ្មី។
សូមជម្រាបដែរថា ប្រធានសភា Wan Muhamad Noor Matha បានប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតថ្មី ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយគណបក្សភឿថៃ មានសិទ្ធក្នុងការដាក់បេក្ខភាពពីគណបក្សរបស់ខ្លួន បន្ទាប់ពីលោក ភីថា អស់ឱកាសក្នុងការឈរឈ្មោះ៕