លោក ប៊ុន ចាន់វីរៈ៖ ការចិញ្ចឹមជ្រូកបែបធម្មជាតិមានទីផ្សារល្អ ងាយស្រួលក្នុងការលក់

សង្គម​ និង​សេដ្ឋកិច្ច

កសិករចិញ្ចឹមជ្រូកបែបធម្មជាតិ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ប៊ុន ចាន់វីរៈ បានលើកឡើងថា ការចិញ្ចឹមជ្រូកបែបធម្មជាតិមានទីផ្សារល្អ ងាយស្រួលក្នុងការលក់ ជាក់ស្តែងផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅកាន់អតិថិជនដែលបញ្ជាទិញនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ប៊ុន ចាន់វីរៈ ការចិញ្ចឹមជ្រូកបែបធម្មជាតិ ព្រលែងលើវាលស្មៅ មានការប្រកួតប្រជែងតិចមែនទែន បើប្រៀបធៀបទៅនឹងការចិញ្ចឹមជ្រូកធម្មតា និងជ្រូកនាំចូល មិនអាចប្រកួតប្រជែងបាននោះទេ។លោកបន្ថែមទៀតថា ការចិញ្ចឹមបែបធម្មជាតិត្រូវគិតលើកន្លែងរស់នៅ និងចំណី ដោយកន្លែងរស់នៅលើវាលស្មៅ ត្រូវផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែងទៀត។ការធ្វើបែបនេះ មិនធ្វើឱ្យសត្វជ្រូកស្រ្តេស មានសេរីភាពក្នុងការរត់លេង ហាត់ប្រាណលើវាលស្មៅ ធ្វើឱ្យសាច់របស់វាមិនមានជាតិខ្លាញ់ បន្ទាប់ពីការរស់នៅ ត្រូវគិតលើចំណីជ្រូក ដែលចំណីមានបន្លែ៥០ភាគរយនៃអាហារប្រចាំថ្ងៃ និង៥០ភាគរយទៀតមានម្សៅ ពោត កន្ទក់ សណ្តែកសៀងជាដើម។

លោកបន្តថា ទោះបីជាតម្លៃជ្រូកធម្មជាតិខ្ពស់ជាងតម្លៃសាច់ជ្រូកធម្មតាបន្តិច ប៉ុន្តែជ្រូកនៅក្នុងកសិដ្ឋានធម្មជាតិរបស់លោកផ្ទាល់មិនប្រើប្រាស់ថ្នាំគីមី,អុងទីប្យូទិកឬអកម៉ន ដើម្បីបំប៉ននិងការពារទេ តែបើក្រឡេកមើលគុណភាពសាច់ជ្រូកវិញមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ដែលនាំឱ្យតម្លៃខ្ពស់ជាងសាច់ជ្រូកធម្មតាតិចតួច តែអាចទទួលយកបាន។

ម្ចាស់កសិដ្ឋានជ្រូកធម្មជាតិរូបនេះ បានបន្ថែមទៀតថា ការចិញ្ចឹមជ្រូកបែបធម្មជាតិមានទីផ្សារជាងការចិញ្ចឹមជ្រូកធម្មតា ដោយលោកអាចលក់សាច់ពីកសិដ្ឋានផ្ទាល់ទៅអតិថិជន មិនលក់ទៅឱ្យឈ្មួញកណ្តាលឡើយ ដែលនាំឱ្យមានទីផ្សារតម្លៃខ្ពស់ជាង៣ទៅ៤ដង បើធៀបទៅនឹងតម្លៃចិញ្ចឹមតាមបែបធម្មតា។លោកបន្តថា ការចិញ្ចឹមជ្រូកធម្មតាអាចនឹងមិនមានទីផ្សារ ដោយសារតែមានការប្រកួតប្រជែងជាមួយនឹងកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើនផង ហើយប្រកួតប្រជែងជាមួយនឹងជ្រូកនាំចូលពីក្រៅប្រទេសផងដែរ ប៉ុន្តែសម្រាប់កសិដ្ឋានជ្រូកធម្មជាតិរបស់លោក គឺប្រកួតប្រជែងតែតម្លៃសាច់ប៉ុណ្ណោះ៕