ចិន កំពុងដណ្តើមយកចំណែកស្ទើតែពាក់កណ្តាល នៅក្នុងទីផ្សាររថយន្តរបស់រុស្ស៊ី

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងតែដណ្តើមយកចំណែកទីផ្សាររថយន្តរបស់រុស្ស៊ីកាន់តែច្រើនឡើង ចាប់តាំងពីក្រុមហ៊ុនផលិតរថយន្តរបស់លោកខាងលិច បានដកខ្លួនចេញឈប់រកស៊ី បន្ទាប់ពីមានការលុកលុយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែនមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី AsianFinancial បានបង្ហាញឱ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំនេះ រថយន្តចិនចំនួន ៤០ ០០០ គ្រឿង ត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី ហើយឥឡូវនេះវាមានចំណែកស្ទើតែពាក់កណ្តាល ពោលគឺ ៤៩% នៃទីផ្សាររថយន្តរបស់រុស្ស៊ី ដែលបានកើនឡើងពី ៣១% កាលពីចុងឆ្នាំមុន ។

យ៉ាងណាមិញ នេះគឺជាកើនឡើងដ៏ធំមួយ បើប្រៀបធៀបជាមួយនឹងចំណែកទីផ្សាររថយន្តរបស់ចិន មុនពេលកើតមានសង្គ្រាម ដែលមានត្រឹមតែ ៧% ប៉ុណ្ណោះ គិតនៅក្នុងខែមិថុនា ឆ្នាំ ២០២១។ នេះបើផ្នែកទៅលើទិន្នន័យដែលទទួលបានពីក្រុមហ៊ុនវិភាគ Autostat ។

ជម្រាបជូនផងដែរថា ការនាំចេញរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនផលិតរថយន្តចិន ទៅកាន់ប្រទេសរុស្ស៊ី គិតពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ នេះ បានកើនឡើង ៥,២ដង ដល់ចំនួន ៣,៦ពាន់លានដុល្លារ។ ហើយក្នុងនោះ ការនាំចេញនៅក្នុងខែមេសាតែមួយ មានតម្លៃជិត ១ពាន់លានដុល្លារឯណោះ នេះបើតាមស្ថិតិគយចិន បានបង្ហាញ ៕