អបអរសាទរ! ស្រាបៀរទាំងបីប្រេន របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរីទទួលបានមេដាយមាសពីស្ថាប័ន MONDE SELECTION ឆ្នាំ២០២៣

អាជីវកម្ម

វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈ​នៅកម្ពុជា ដែលទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលស្រាបៀរប្រណិតគុណភាពខ្ពស់ទាំងបីប្រេនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ទទួលបានជ័យលាភី​មេដាយ​មាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថាន​គុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ស្រាបៀរ វឌ្ឍនៈ ស្រាបៀរ ដ្រាហ្គិន និងស្រាបៀរ គ្រុឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កាលពីមួយខែមុន ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏ទទួលបានមេដាយមាសចំនួន ៥ ផងដែរ ពីស្ថាប័ន MONDE SELECTION ប្រចាំឆ្នាំ ២០២៣ សម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ​អាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង។

ផលិតផលមានគុណភាពរបស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ​វាយតម្លៃយ៉ាង​ហ្មត់​ចត់​ជាច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរ និងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់​បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ “ការទទួលបានពានរង្វាន់​លំដាប់ពិភពលោកព្រមៗគ្នាសម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ របស់យើង បង្ហាញពីកិត្យានុភាពដ៏​អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានស្រាបៀរ និងភេសជ្ជៈល្អឥតខ្ចោះប្រកប​ដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។ យើងនៅតែរក្សាជំហរដ៏រឹងមាំ និងឆន្ទៈដ៏មោះមុត ក្នុងការ​ផលិត​នូវផលិតផលដែលមានគុណភាពដ៏ពិតប្រាកដ ដើម្បីធ្វើការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសយើងប្តេជ្ញានាំយកមោទនភាព និងកិត្តិយសជូនប្រទេសកម្ពុជា​ដែលមានផលិតផលកូនខ្មែរ​បង្ហាញ​វត្តមានប្រកួតនៅលើឆាកអន្តរជាតិ។ យើងសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះ​សមិទ្ធផលនេះ ជាមួយនឹងប្រជាជនខ្មែរយើង ដែលតែងតែនិយមគាំទ្រផលិតផលទាំងអស់របស់ វឌ្ឍនៈ ប៊្រូវើរី។”

គ្រប់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណ​ភាព​ដែលទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកព្រមៗគ្នា។ គួររំលឹកជាថ្មីថា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ MONDE SELECTION ម្តងរួចទៅហើយ កាលពីឆ្នាំ ២០២២។ ចំណែកឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរ​ផ្ទួនគ្នាក្នុង​កម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។ រឹតតែអស្ចារ្យសម្រាប់ ឆ្នាំ ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានឈ្នះមេដាយមាសបញ្ជាក់ពីគុណភាពទទួលស្គាល់ជាអន្តរជាតិ សរុបចំនួន ៨ បន្ថែមទៀត សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់របស់យើង ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ​ដែលបានបង្កើត​ការងារ​ដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្ម​ផលិត​ផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគ​ទាំង​ឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យ​ម្ហូប​អាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។