ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញឱ្យដឹងនៅថ្ងៃនេះថា រោងចក្រផលិតចំណីសត្វទី២ដែលមានកម្លំាងផលិតក្នុងមួយម៉ោងបាន៣០តោនមួយនេះ ជាទីផ្សារសម្រាប់កសិករក្នុងការនាំយកកសិផលទាក់ទងនិងការផលិតចំណីសត្វអាចយកមកលក់ឱ្យខាងរោងចក្របានក្រោយពីដាក់ឱ្យការផលិតផ្លូវការ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា ក្រោយពីបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ខែវិច្ចិកាឆ្នាំ២០២១ រោងចក្រផលិតចំណីសត្វទី២ដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង បានសាងសង់តម្លើងរួចរាល់ជាស្ថាពរ ព្រមទាំងបានចាប់ផ្តើមដំណើរការសាកល្បង នៅវេលាម៉ោង៧ព្រឹកថ្ងៃសុក្រទី២១ខែកក្កដាឆ្នាំ២០២៣នេះ។
លោកឧកញ៉ាគូសបញ្ជាក់ថា «នៅក្រោយពេលរោងចក្រផលិតចំណីសត្វទី១មានកម្លាំងផលិត២០តោនក្នុងមួយម៉ោង និងទី២ថ្មីអាចផលិតបាន៣០ទៅ៥០តោនក្នុងមួយម៉ោង រោងចក្រនេះគឺជាទីផ្សារសម្រាប់ឱ្យកសិករកម្ពុជាយើងនាំយកកសិផលដូចជាដំឡូងមី ពោតចំណីសត្វ កន្ទក់ ចុងអង្ករ កាកសំណស់សណ្តែកសៀង ប្រេងដូងឆៅ កាកសំណល់គ្រាប់ក្នុងផ្លែដូងប្រេងជាដើម យកមកលក់ជាមធ្យម១០០លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ»។
លោកឧកញ៉ាថា សូមបញ្ជាក់ថាដើម្បីផលិតជាចំណីសត្វបាន យើងមានតម្រូវការគ្រាប់ធញ្ញជាតិរួមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ចំនួន២១មុខយកមកលាយបញ្ចូលគ្នាទើបអាចផលិតជាចំណីសត្វបាន ។រោងចក្រនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៨ហាងការហ្វេដូងប្រេង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ អត្ថបទ៖សារេត