បណ្ឌិត គិន ភា៖ ការផ្ទេរអំណាចនៅកម្ពុជា នឹងក្លាយជាបទពិសោធន៍ដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងទៅថ្មីៗនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។ ជាពិសេស កាតរបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត គិន ភា ប្រធាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។

លោក គិន ភា បានរំលេចយកបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចតេជោបានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ដែលភាគច្រើនលើសលប់ ជាយុវជនដែលជាកូនចៅរបស់វរជនកំពូលៗក្នុងរាជរដ្ឋាភិបាលនិងគណបក្ស។

បើតាមលោកបណ្ឌិត ការបែកធ្លាយសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ អាចជាការសាកល្បងសមរភូមិសតិអារម្មណ៍មហាជនមួយដ៏សំខាន់ផងដែរ ហើយវាអាចត្រូវបានវិនិច្ឆ័យតាមរយៈ​សន្លឹកឆ្នោតរបស់ពលរដ្ឋ។ ឥឡូវនេះ អាប៉ោងបើកគ្របហើយ គឺមានន័យថា អ្នកបោះឆ្នោតទទួលយកផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអាសនៈដ៏ច្រើនលើសលប់ ថ្វីដ្បិតរបូតអាសនៈបន្តិចបន្តួចទៅគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ម្ចាស់វ័យក្មេងមួយព្រះអង្គ ដែលទើបលេចព្រះភក្តិក្នុងឆាកនយោបាយក្រោយការសោយព្រះទិវង្គតនៃព្រះបិតារបស់ព្រះអង្គ។ ដូច្នេះ ការផ្ទេរអំណាចជារឿងមុននិងក្រោយដែលត្រូវធ្វើឡើងដោយជៀសមិនរួច។ តែមុននឹងផ្ទេរអំណាច គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះការបោះឆ្នោតជាមុនសិន។ លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈស្ទើរតែទាំងអស់នៅក្នុងរដ្ឋសភា គឺ១២០/១២៥ អាសនៈ។ តាមរយៈលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា មិនមានការរាំងស្ទះណាមួយក្នុងដំណើរការផ្ទេរអំណាចរបស់ខ្លួននោះទេ។

លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែន ការផ្ទេរអំណាចនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ជាពិសេស រយៈពេលជិត១០០ឆ្នាំចុងក្រោយ, ហើយរិតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថាតែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូល ក៏មិនធ្លាប់មានបែបនេះដែរ។ ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន៕