ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានធ្វើតេស្តរកឃើញថា មានផលវិជ្ជមាននៃជំងឺកូវីដ ១៩ នាថ្ងៃទី ២៥ ខែកក្កដា ដែលបណ្ដាលឲ្យកាលវិភាគរបស់លោកស្រីពេញមួយរសៀលថ្ងៃច័ន្ទ ត្រូវបានរំសាយចោល។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានចេញសេចក្ដីថ្លែងការណ៍ថា លោកស្រី Tsai មានអាការៈមិនសូវស្រួលខ្លួន និងធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
“ប្រធានាធិបតី Tsai កំពុងបង្ហាញរោគសញ្ញាស្រាលៗ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ”។ នេះបើតាមអត្ថន័យសេចក្ដីថ្លែងការចេញដោយការិយាល័យប្រធានាធិបតី។
សេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំតៃវ៉ាន់ បានជំរុញឱ្យនាយករដ្ឋមន្ត្រី Chen Chien-jen ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាល ដើម្បីបង្កើនការត្រៀមលក្ខណៈ ខណៈដែលព្យុះទីហ្វុង Doksuri ត្រូវបានគេរំពឹងថា នឹងបោកបក់កាត់ភាគខាងត្បូងតៃវ៉ាន់ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ជោគជាំ៕