ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានជ្រើសរើសប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់ការធ្វើដំណើរទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ព្រមទាំងការធ្វើដំណើរកំសាន្តនានា ដោយចំនួនចរាចរណ៍នេះបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃធម្មតា ពោលមានរថយន្តចំនួន ២០៤៩៤ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។
ក្រុមហ៊ុននេះ បញ្ជាក់ថា៖«ការកើនឡើងនៃលំហូរចរាចរណ៍នេះ បានសបញ្ជាក់ឱ្យឃើញពីសុខសន្តិភាព ស្ថេរភាពរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន»។
ចំពោះករណីនៃការបន្តកើនឡើងនេះ ក្រុមហ៊ុនខាងលើអះអាងថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចាត់វិធានការភ្លាមៗនិងបានត្រួតពិនិត្យដោយផ្ទាល់តាមកាមេរ៉ាសុវត្ថិភាព ដើម្បីធានាដល់សុវត្ថិភាពអ្នកដំណើរ ជាពិសេសចាត់ក្រុមការងារចុះជួយសម្រួលចរាចរណ៍នៅតាមច្រកចេញចូលអោយបានឆាប់រហ័សបំផុតផងដែរ។
យ៉ាងណាមិញ ជាមួយកំណើនអ្នកដំណើរនេះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានក្រើនរំលឹកដល់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ជាថ្មីម្តងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពរបស់លោកអ្នក ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន សូមមេត្តាបើកបរដោយគោរពច្បាប់ និងផ្លាកសញ្ញាកំណត់ល្បឿន ដែលបានបំពាក់នៅតាមបណ្តោយផ្លូវ និងសូមមេត្តាត្រួតពិនិត្យយានយន្តឱ្យបានល្អិតល្អន់ តាមការណែនាំរបស់ក្រុមហ៊ុន មុនពេលចូលមកប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម៕
អត្ថបទ៖ ពិសី