មហាសេដ្ឋីដើមកំណើតវៀតណាមម្នាក់ បាត់មុខពីបញ្ជី Forbes ក្រោយខាតបង់លុយជិត ៧ពាន់លានដុល្លារ

អន្តរជាតិ

អ្នកជំនួញអាមេរិក ដើមកំណើតវៀតណាម លោក Hoang Kieu ថ្មីៗនេះ បានសារភាពថា ខ្លួនមិនមែនជាមហាសេដ្ឋី ដែលជាប់នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ទៀតនោះឡើយ បន្ទាប់ពីខាតបង់លើការវិនិយោគភាគហ៊ុនដល់ទៅ ៦,៨ពាន់លានដុល្លារ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថាលោក Hoang បានដាក់អចលនទ្រព្យរបស់ខ្លួន ដែលមានតម្លៃ ៣,៨ពាន់លានដុល្លារ ទៅកាន់ធនាគារមួយ ដើម្បីជាប្រាក់​តម្កល់​ ក្នុងការខ្ចីប្រាក់ចំនួន ១ពាន់លានដុល្លារ។ ហើយបន្ទាប់មកលោកបានប្រើលុយនោះ ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Shanghai RAAS Blood Products។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលភាគហ៊ុនរបស់ Shanghai RAAS បានធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hoang ត្រូវបានគេប៉ាន់ស្មានថាបានធ្លាក់ចុះដល់ ៧០%។ ស្របពេលលោកក៏ត្រូវដល់ពេលបង្វិលសងធនាគារវិញទាំងប្រាក់ដើម និងប្រាក់ការ ដែលមានចំនួនប្រហែល ៣ ពាន់​លាន​ដុល្លារ​ នៅពេលនោះ ដែល​ធ្វើ​ឱ្យ​លោកត្រូវខាតបង់​ប្រាក់សរុបដល់ទៅ ៦,៨ ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញ បុរសដើមកំណើតវៀតណាមរូបនេះ បាននិយាយប្រាប់ទៅកាន់ NgoiiSao ថា ៖ “​វាជាការពិត ដែលខ្ញុំលែងជាប់ចំណាត់ថ្នាក់លេខ ១៤៨ ក្នុងបញ្ជី Forbes 400 តទៀត។ ខ្ញុំបានខាតបង់ ៦,៨ពាន់លានដុល្លារ ដោយសារការវិនិយោគភាគហ៊ុន។ ប៉ុន្តែវាជារឿងធម្មតា ក្នុងការក្លាយជាមហាសេដ្ឋីនៅថ្ងៃនេះ តែអ្នកអាចនឹងបាត់តំណែងនៅថ្ងៃស្អែកក៏ថាបាន នៅពេលតម្លៃភាគហ៊ុន ដែលអ្នកបានវិនិយោគនោះធ្លាក់ចុះ ” ។

មិនតែប៉ុណ្ណោះ លោក Hoang បានបន្តទៀតថា ៖” ខ្ញុំមិនមែនជាមហាសេដ្ឋីក្នុងបញ្ជី Forbes ទៀតទេ ប៉ុន្តែជាមូលដ្ឋានគ្មានអ្វីផ្លាស់ប្តូរ នៅក្នុងជីវិតរបស់ខ្ញុំឡើយ។ ខ្ញុំនៅតែមានសាច់ប្រាក់ និងអចលនទ្រព្យក្នុងដៃ។ ខ្ញុំកំពុងព្យាយាមដណ្តើមយកតំណែងមហាសេដ្ឋីរបស់ខ្ញុំមកវិញ ហើយសារនេះខ្ញុំនឹងយកតំណែងខ្ពស់ជាងមុន នៅលើ Forbes”។

ជម្រាបជូនផងដែរថា លោក Hoang Kieu ត្រូវបាន Forbes ចុះបញ្ជីជាមហាសេដ្ឋី ក្នុងឆ្នាំ ២០១៤ នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១,៧ ពាន់លានដុល្លារ។ ហើយបន្ទាប់មក ទ្រព្យសម្បត្តិសរុបរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងប្រហែល ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី១៤៨ របស់អាមេរិក៕