ថៃ រំពឹងថាទំហំពាណិជ្ជកម្មជាមួយម៉ាឡេស៊ី អាចកើនដល់ជិត ៣០ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាល លោកស្រី Rachada Dhnadirek បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងម៉ាឡេស៊ី ត្រូវបានរំពឹងទុកខ្ពស់ថា នឹងអាចកើនឡើងយ៉ាងហោចណាស់ ១,០២ទី្រលានបាត (២៩,៥ពាន់លានដុល្លារ) នៅឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Rachada បាននិយាយទៀតថា រដ្ឋាភិបាលក៏រំពឹងថានឹងមានការរៀបចំកិច្ចពិភាក្សារវាងគណ:កម្មាធិការពាណិជ្ជកម្មរួម (JTC) ជាមួយនឹងអាជ្ញាធរម៉ាឡេស៊ី នៅចុងឆ្នាំនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត។

ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាជាដៃគូពាណិជ្ជកម្មទី១ របស់ប្រទេសថៃ ក្នុងចំណោមប្រទេសផ្សេងទៀតនៅអាស៊ាន ខណ:ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន បានកើនឡើងដល់ ៣៣៦ពាន់លានបាត ដោយភាគច្រើនទទួលបានពីរថយន្ត គ្រៀងបន្លាស់រថយន្ត ប្រេង កុំព្យូទ័រ និងគ្រឿងបន្លាស់កុំព្យូទ័រ ។

មិនតែប៉ុណ្ណោះ លោកស្រី Rachada បានបន្តទៀតថា មានអាជីវកម្មថៃជាច្រើន កំពុងសម្លឹងរកមើលឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី ដូចជាក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងផលិតផលកសិកម្ម សំណង់ និងភោជនីយដ្ឋាន។

ជម្រាបជូនទៀតផងដែរថា ដើម្បីគាំទ្រដល់ការពង្រីកទីផ្សារ និងការពង្រីកភាពជាដៃគូ រដ្ឋាភិបាលថៃ បានរៀបចំធ្វើឡើងនូវសកម្មភាពជាច្រើន ដើម្បីជាការលើកកម្ពស់ដល់ភាពជាដៃគូ ដែលកំពុងតែមានភាពរីកចម្រើជាមួយម៉ាឡេស៊ី ដូចជាពិព័រណ៍ប្រភេទអាហារហាឡាល នៅប្រទេសម៉ាឡេស៊ី ក្រោមឈ្មោះថា “I Love Thailand Fair” ជាដើម ។