អ្នកឧកញ៉ា ឧកញ៉ា ១៤រូបចូលរួមបរិច្ចាគថវិកាសរុបបានថវិកាប្រមាណ ៤,៩១០,០០០ ដុល្លារជូនដល់មូលនិធិសប្បុរសជនជាតិ តាមរយៈចលនារបស់នាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីចូលរួមចំណែកជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ជាប់ព្រំដែនវៀតណាម។
សប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា ដែលបានចូលរួមបរិច្ចាគថវិកាជួយសាងសង់តំបន់ប្រវត្តិនេះ តាមបញ្ជីឈ្មោះដែល ឧកញ៉ាញូស៍ទទួលបានរួមមាន៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី ១,២លានដុល្លារ, អ្នកឧកញ៉ា ខូវ សម្បត្តិ ម្ចាស់សណ្ឋាគារ Great Duke ៨០ម៉ឺនដុល្លារ, លោកជំទាវឧកញ៉ា ឈុនលង អាងទី ៤៨ម៉ឺនដុល្លារ, អ្នកឧកញ៉ា ហ៊ុន តូ ១៥ម៉ឺនដុល្លារ, អ្នកឧកញ៉ា លាង ឃុន ១០ម៉ឺនដុល្លារ, ឧកញ៉ា លឹម ហ៊ុយឡេង ៨ម៉ឺនដុល្លារ, ឧកញ៉ា លី យូគៀក ៣ម៉ឺនដុល្លារ, ឧកញ៉ា ជាម ឃុនណាត ៣ម៉ឺនដុល្លារ, ឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៊ឹង ស៊ីស៊្រន ១០លានរៀល, ឧកញ៉ា តេង ហឿន ៣ពាន់ដុល្លារ, ឧកញ៉ា ឆាយ សេងអៀង ២ពាន់ដុល្លារ, ឧកញ៉ា ថៃ ម៉េង ២ពាន់ដុល្លារ, ឧកញ៉ា អ៊ុក គឹមសាន ២ពាន់ដុល្លារ និងឧកញ៉ា អ៊ឹង ស៊ីតាវីរៈ ១២៥០ដុល្លារ រួមទាំងសប្បុរសជនផ្សេងទៀត។
សូមជម្រាបថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាកន្លែងតស៊ូរបស់សម្តេចតេជោ ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ បច្ចុប្បន្នតំបន់ប្រវត្តិសាស្ត្រនៅជាប់ព្រំដែនវៀតណាមមួយនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាច្រើនលានដុល្លារ ដើម្បីសាងសង់សមិទ្ធផលជាច្រើន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម បានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 កំពុងតែបន្តការសាងសង់ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម៕