សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្រ្តីថ្មី នឹងចុះសួរសុខទុក្ខកម្មករ-កម្មការិនី ​ក្រោយ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មីរួចរាល់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីសមាសភាពនាយករដ្ឋមន្រ្តីថ្មី អាចនឹងមានលទ្ធភាពខ្ពស់ បន្តចុះសួរសុខទុក្ខកម្មករ-កម្មការិនី ជំនួសឱ្យនាយករដ្ឋមន្រ្តីចាស់ ក្រោយដំណើរ​ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បានបញ្ចប់រួចរាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈតេឡេក្រាមនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសុំយោគយល់អធ្យាស្រ័យពីបងប្អូន កូនក្មួយ កម្មករ-កម្មការិនី ចំពោះគម្រោង​ជួប​សំណេះសំណាល​សាក​សួរ​ទុក្ខ​ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំនួន១០គោលដៅបន្ថែមទៀត ត្រូវ​លើក​ទៅ​ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើងវិញ ដោយសារកត្តា​ពេលវេលា និង​ភាព​មមា​ញឹក​ក្នុង​ដំណើរ​ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​។

ទន្ទឹមគ្នានេះ សម្តេចបានបញ្ជាក់បន្ថែមថា៖«ខ្ញុំចង់អ្វីៗថ្មីបានកើតឡើង ដែលរដ្ឋាភិបាលថ្មីចំពោះក្មួយៗ កូនៗ ចៅ ដែលជាកម្មករ-កម្មការីទាំងអស់ ដែលអាចនឹងមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្រ្តីថ្មី នឹងទៅចុះសួរសុខទុក្ខកម្មករ-កម្មការិនី ជំនួសឱ្យនាយករដ្ឋមន្រ្តីចាស់ ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្រ្តីថ្មី ហើយខ្ញុំក៏មិនទៅណាទេ ខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃសម្ពោធផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហាខាងមុខនេះ»។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តអំពាវនាវសុំបាន សុំយោគយល់អធ្យាស្រ័យពីបងប្អូនកម្មករ-កម្មការិនីជាថ្មីម្តងទៀត ចំពោះការខកខានមិនបានចុះសួរសុខទុក្ខ និងសំណេះតាមការសន្យាផងដែរ។

សូមបញ្ជាក់ដែរថា ចំពោះបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលនឹងមកបន្តតំណែងជានាយករដ្ឋមន្រ្តីជំនួសឱ្យសម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន  គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីពីគណបក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទ៖ ពិសី