អតីតប្រធានសភាពាណិជ្ជកម្មបរទេសរួមនៅប្រទេសថៃ ហៅកាត់ JFCCT លោក Stanley Kang បានបង្ហើបឲ្យដឹងថា សហគមន៍ធុរកិច្ចបរទេសប្រចាំប្រទេសថៃ កំពុងទន្ទឹងរង់ចាំ និងរំពឹងថា ការបង្កើតរដ្ឋាភិបាលថ្មី អាចលេចចេញជារូបរាងក្នុងរយៈពេលមួយខែនេះ ព្រោះថាបើវាកាន់តែអូសបន្លាយ នោះប្រទេសថៃនឹងបាត់បង់ឱកាសកាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។
មូលហេតុដែលលោក Stanley អះអាងបែបនេះ គឺដោយសារតាំងពីមានការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភាមកទល់ពេលនេះ នាយករដ្ឋមន្ត្រីថៃថ្មីមិនទាន់ត្រូវបានតែងតាំង ដែលធ្វើឲ្យក្រុមវិនិយោគិនបរទេស មានការប្រុងប្រយ័ត្នជាមួយនឹងការបណ្ដាក់ទុនបន្ថែម។
“ខ្ញុំគិតថា ពួកគេនឹងបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗនេះ សង្ឃឹមថាក្នុងរយៈពេលមួយខែនេះចុះ។ ធុរកិច្ចជនបរទេសជាច្រើន បានត្រៀមខ្លួនរួចស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលថ្មី ដើម្បីធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ថៃ”។ នេះបើតាមការអះអាងពីលោក Stanley។
សូមជម្រាបដែរថា លោក Stanley បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា បើសិនជាការបោះឆ្នោតត្រូវពន្យារពេលទៅដល់ខែឧសភាឆ្នាំក្រោយ នោះប្រទេសថៃនឹងខាតបង់ធ្ងន់ធ្ងរណាស់៕