Qin Gang របូតតំណែងរដ្ឋមន្ត្រីការបរទេស ចំពេលលេចលឺមានចំណងស្នេហាលួចលាក់

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Qin Gang ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីបាត់មុខពីភ្នែកសាធារណ:ជនអស់រយ:ពេលជាងមួយខែកន្លងមកនេះ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានលួចលាក់មានសេ្នហាជាមួយពិធីការនីទូរទស្សន៍ម្នាក់ និងថែមទាំងមានកូនជាមួយគ្នាថែមទៀតផង។ នេះបើតាមការចុះផ្សាយពី The NY Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែបើតាមការបញ្ជាក់ពីអាជ្ញាធរ បានបង្ហាញថាមិនទាន់មានហេតុផលជាក់លាក់ណាមួយ ត្រូវបានបង្ហើបពីការចាកចេញរបស់ លោក Qin Gang នោះឡើយ ខណ:ពេលដែល លោក Wang Yi ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីមុននោះ នឹងវិលត្រលប់មកកាន់តំណែងរបស់ខ្លួន សារជាថ្មីម្តងទៀត ។

គួរឱ្យដឹងថា លោក Gang បានចូលកាន់តំណែងរបសស់ខ្លួន ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ ប៉ុន្តែលោកបានបាត់មុខពីសាធារណៈចាប់តំាងពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីពេលចុងក្រោយ ដែលលោកបានជួបជាមួយរដ្ឋមន្ត្រីស្រីលង្កា នៅទីក្រុងប៉េកាំង។

យ៉ាងណាមិញ ចំពោះអវត្តមានរបស់បុរសវ័យ ៥៧ ឆ្នាំរូបនេះ បានធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលបានបង្ហាញថា លោក Gang ដែលជាបុរសរៀបការរួចហើយនោះ បានបង្កើតចំណងស្នេហាលួចលាក់ជាមួយពិធីការនីទូរស្សន៍ ឈ្មោះថា Fu Xiaotian ។

មុនពេលមានពាក្យចចាមអារ៉ាមទាំងនេះ អ្នកនាង Xiaotian ក៏បានបាត់ខ្លួនពីភ្នែកសាធារណ:ជន ក្នុងអំឡុងពេលតែមួយជាមួយលោក Gang ផងដែរ នេះបើយោងទៅតាម កាសែតតៃវ៉ាន់ និងហុងកុងបានគូសបញ្ជាក់ ។

ជម្រាបជូនផងដែរថា ចំពោះការបាត់ខ្លួនលោក Gang រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ពីសំណាក់រដ្ឋាភិបាលចិននោះឡើយ ហើយបច្ចុប្បន្នក៏មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ច្បាស់លាស់ពីកន្លែងដែលលោកកំពុងស្នាក់នៅ ផងដែរ៕