សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ស៊ី ជិនពីង ថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនអំពីគោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺតាមរយៈសារលិខិតថ្លែងអំណរគុណជូនលោក ស៊ី ជិនពីង បន្ទាប់ពីលោក ស៊ី បានផ្ញើសារលិខិតអបអរសាទរចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរប្រទេសចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមានលោក ស៊ី ជិនពីង ជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ឆ្នាំទី ២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុត ក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិន ក្នុងតំបន់និងឆាកអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការ នៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ»។

បើយោងតាមសារលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្ដេច ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕