ត្រឹម៦ខែ ឆ្នាំនេះ៖ កម្ពុជារកចំណូលបានជិត១៨៨លានដុល្លារ ពីការនាំចេញកៅស៊ូ ធ្លាក់ចុះជាង១៣%

សង្គម​ និង​សេដ្ឋកិច្ច

នៅឆមាសទី១ឆ្នាំ២០២៣នេះ  ពោលគឺរយៈពេល៦ខែ មកនេះកម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈចំណូលនេះធ្លាក់ចុះអស់១៣,៥ភាគរយពីទឹកប្រាក់ ២១៦,៣លានដុល្លារដែលធ្លាប់រកបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម ផ្សាយចេញកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយក្នុងនោះ កម្ពុជាបាននាំចេញ ១៣៩ ២២០តោននៃកៅស៊ូទៅក្រៅប្រទេស កើនឡើង២,៧២ភាគរយ បើធៀបនឹងឆមាសទីមួយឆ្នាំ២០២២ ដែលកាលនោះកម្ពុជាបាននាំចេញចំនួន១៣៥ ៥៣៧ តោន។

អគ្គនាយកដ្ឋានកៅស៊ូ បានបន្តថា៖« ចំនួននៃការនាំចេញខាងលើនេះ បើគិតជាទឹកប្រាក់វិញគឺកម្ពុជារកចំណូលបាន ១៨៧ លានដុល្លារអាម៉េរិកពីការនាំចេញកៅស៊ូ ដែលជាចំណូលធ្លាក់ចុះអស់១៣,៥ភាគរយ ពីទឹកប្រាក់ ២១៦,៣លានដុល្លារដែលធ្លាប់រកបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការធ្លាក់ចុះចំណូលបែបនេះ គឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ»។

សូមជម្រាបថា នៅកម្ពុជា មានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕ នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម៕

អត្ថបទ៖ ពិសី