មកដឹងតម្លៃទូកទៅកោះទន្សាយ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិអភិវឌ្ឍន៍ ៥០ឆ្នាំ

ជុំវិញ​ឧកញ៉ា

កោះទន្សាយ គឺ​ជារមណីយដ្ឋានរ​ណ​ប​នឹង​ខេត្ត​កែប ដែលអ្នកទេសចរណ៍​ខ្មែរ និងបរទេសបាន​ទៅ​ទស្សនា​ខេត្ត​កែបហើយ តែ​ងតែ​​​បន្តដំណើរ​ទៅ​កម្សាន្ត​នៅ​​ទីនោះ។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​កោះទន្សាយ ដែល​បច្ចុប្បន្ន​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ទ្រី ភាព កោះទន្សាយ រីសត ឯ.ក របស់អ្នកឧកញ៉ា ទ្រី ភាព ​គឺ​តាម​រយៈ​ជិះ​ទូក ​​ដោយ​មាន​តម្លៃ​ទៅមក ប្រមាណ ២៥​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រិន វណ្ណា អ្នក​​រត់​ទូក​នៅ​កំពង់ផែ​កោះទន្សាយ ​​បាន​ប្រាប់​ដល់​ឧកញ៉ា ញូស៍ កាលពី​ថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០២៣ ថា ជា​ទូទៅ​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កោះទន្សាយ ​​តម្លៃ​​ដូច​មាន​កំណត់​នៅ​ក្នុង​តារាង​របស់​ក្រុមហ៊ុន ដោយ​ក្នុង​នោះ ​ទូក​មួយ​តម្លៃ ២៥​ដុល្លារ សម្រាប់​ធ្វើ​ដំណើរ​ទៅ​មក ​​ហើយ​ក្នុង​មួយ​ទូក​កំណត់​ចំនួន​មនុស្ស​ពី ១នាក់ ដល់ ៨​នាក់ សម្រាប់​ភ្ញៀវ​ជនជាតិ​ខ្មែរ និង​ ១នាក់ ដល់ ៦​នាក់ សម្រាប់​ភ្ញៀវ​បរទេស។ ម្យ៉ាង​ទៀត ភ្ញៀវ​ក៏​អាច​​​យក​សេវា​​ប្រញាប់​ពិសេស​ តម្លៃ​២៥​ដុល្លារ​ដូច​គ្នា តែ​​​មាន​គ្នា​ពី ១នាក់ ទៅ ៤​នាក់ ក៏​អាច​ចេញ​ដំណើរ​បាន​ផង​ដែរ។

លោក រិន វណ្ណា បាន​បង្ហើប​ឱ្យ​ដឹង​​ទៀត​​ថា មួយ​រយៈ​​ចុង​ក្រោយ​នេះ​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​កោះទន្សាយ​ ហាក់​ថមថយ​ជាង​ពេល​មុនៗ។ តាម​ការ​អង្កេត​​របស់​លោក លោក​យល់​ឃើញ​ថា ​​កត្តា​ទាំង​នេះ​​​អាច​នឹង​មក​ពី​បញ្ហា​សេដ្ឋកិច្ច​ ឬ​កត្តា​អាកាសធាតុ​ពុំ​សូវ​អំណោយ​ផល ធ្វើ​ឱ្យ​ភ្ញៀវ​មិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​ទូក។ ទោះ​យ៉ាង​ណា ​​លោក​សំណូម​ពរ​ឱ្យ​ភ្ញៀវទេសចរណ៍​កុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព ព្រោះ​ក្រុមការងារ​សុទ្ធ​តែ​យល់​ច្បាស់​ពី​ស្ថានភាព​ ​និង​​សូម​អញ្ជើញ​ទៅ​​កម្សាន្ត​នៅ​កោះ​ធម្មជាតិ​មួយ​នេះ​ឱ្យ​កាន់​តែ​ច្រើន។

សូម​ជម្រាប​ថា ​កាលឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​​អនុម័ត​​ឱ្យ​ក្រុមហ៊ុន​ ទ្រី ភាព កោះទន្សាយ រីសត ឯ.ក (Try Pheap Koh Tunsay Resorts Co., Ltd) ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ​ ដោយ​ចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុង​ដំណើរ​ការអភិវឌ្ឍ​គម្រោងរបស់ខ្លួនយ៉ាងសកម្ម ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ សម្រាប់ខេត្តកែប។

កោះទន្សាយ​ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ និងជិះទូក​រយៈពេល​ប្រមាណ​ប្រហែល​៣០​នាទី។ ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែង​សម្រាប់​ងូតទឹក​សមុទ្រកម្សាន្តសប្បាយបាន៕