ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Advanced Micro Devices ហៅកាត់ AMD បានបង្ហើបឲ្យដឹងថា ពួកគេនឹងវិនិយោគទឹកប្រាក់ប្រហែល ៤០០លានដុល្លារនៅប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផែនការរបស់ AMD គឺមានបំណងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាធំបំផុតនៅចំកណ្ដាលទីក្រុង Bengaluru ខណៈក្រុមហ៊ុនអាមេរិកក៏ទម្លាយថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ AMD នឹងបង្កើតឱកាសការងារបាន ៣ ០០០កន្លែងនៅទីនោះ។
សូមជម្រាបដែរថា គ្រោងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យានោះ គឺនឹងសាងសង់លើផ្ទៃក្រឡាជាង ៤៦ ៤៥១ ម៉ែត្រការ៉េ ហើយវានឹងបង្កើនចំនួនរោងចក្ររបស់ AMD នៅឥណ្ឌា ដល់ទៅ ១០កន្លែង ខណៈបច្ចុប្បន្នពួកគេមានបុគ្គលិកសរុបប្រមាណ ៦ ៥០០នាក់រួចហើយ។
រំលឹកបន្ថែមថា កាលពីឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានមហិច្ឆតាធំ ត្រៀមកញ្ចប់លុយ ១០ពាន់លានដុល្លារ សម្រាប់លើកទឹកចិត្តដល់ក្រុមហ៊ុននានា ដែលចង់វិនិយោគលើវិស័យបន្ទះឈីបនៅឥណ្ឌា ប៉ុន្តែមកទល់ពេលនេះមហិច្ឆតារបស់លោក Modi នៅមិនទាន់សម្រេចបាននៅឡើយទេ៕