អ្នកឧកញ៉ា លឹម ហេង បង្ហាញការយល់ឃើញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់អាណត្តិថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​យល់​ឃើញ​ថា ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ​​សម្រាប់​អាណត្តិ​ថ្មី​​នេះ នឹង​កាន់​តែ​ប្រសើរ​ឡើង​​បន្ថែម​ទៀត ដោយសារ​ថ្នាក់ដឹកនាំ​​ភាគច្រើន​​សុទ្ធសឹង​តែ​ជា​បញ្ញវន្ត​​វ័យក្មេង​ ​​​មាន​​ចំណេះដឹង​ខ្ពង់ខ្ពស់ ច្បាស់លាស់ ​​ដែលអាច​ដឹកនាំ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឱ្យ​ទទួល​បាន​កំណើន​កាន់​ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អ្នកឧកញ៉ា លឹម ហេង ​ដែលជាអ្នកជំនាញ​សេដ្ឋកិច្ច​មួយ​រូប​ ​​បាន​​​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​ស្ថានភាព​ពិភពលោក កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដូចជា កូវីដ-១៩ ការ​ប្រែប្រួល​អាកាសធាតុ ​ព្រម​ទាំង​សង្គ្រាម​រវាង​ប្រទេសរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យប្រទេសជាច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ទោះ​យ៉ាងណា ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា បាន​​​គេច​​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​​បាន ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។

យ៉ាងណាមិញ ​​សម្រាប់​អាណត្តិ​ថ្មី ក្នុង​នីតិកាលទី៧​ ដែល​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​​នឹង​ឡើង​ដឹកនាំ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ​​នា​ពេល​ខាង​មុខ​នោះ អ្នកឧកញ៉ា លឹម ហេង យល់​ថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែមានភាពល្អ​ប្រសើរ​បន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំភាគច្រើនសុទ្ធតែជាបញ្ញវន្ត មានចំណេះដឹងខ្ពង់ខ្ពស់ ច្បាស់លាស់ ដែលមានប្រសិទ្ធភាពខ្ពស់ ​ក្នុងការបម្រើផលប្រយោជន៍ ​ដល់​ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករ និង​អ្នកជំនួញ​នានា ​ឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម អាចកាត់បន្ថយនូវ​ភាពក្រីក្រ បង្កើនការអភិវឌ្ឍ​នៅតាមទីជនបទ បង្កើនប្រសិទ្ធិភាពនៃការនាំចេញ ជាពិសេស សហគ្រាសធនតូច និងមធ្យម (SME) ​របស់កម្ពុជា​ផង​ដែរ។

គួរបញ្ជាក់​ថា កាល​ថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងសារ​ពិសេស​ទៅកាន់ជនរួមជាតិថា ​សម្តេច​មិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយនឹងត្រូវ​ជំនួស​ដោយឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។ ជាមួយ​គ្នា​នោះ គណៈរដ្ឋមន្ត្រី​ថ្មី​មួយ នឹង​ត្រូវ​បាន​រៀបចំ​ឡើង ​​ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ថ្នាក់ដឹកនាំ​វ័យក្មេង ​​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី នៅ​តាម​ក្រសួង ស្ថាប័ន​នានា ខណៈ​ដែល​ឥស្សរជន​ជាន់ខ្ពស់​ចាស់ៗ​មួយ​ចំនួន នឹង​​ត្រូវ​ក្លាយ​ជា​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា ឬ​​ទីប្រឹក្សា​រាជរដ្ឋាភិបាល៕