បំណុលគ្រួសារក្នុងប្រទេសថៃ កើនឡើងដល់កម្រិតខ្ពស់បំផុត រយ:ពេល ១៥ ឆ្នាំចុងក្រោយ

អន្តរជាតិ

តាមការស្ទង់មតិមួយ បានបង្ហាញឱ្យដឹងថា បំណុលគ្រួសារជាមធ្យមនៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ១៥ ឆ្នាំចុងក្រោយ ដោយសារតែកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក និងតម្លៃនៃការរស់នៅខ្ពស់ ចំពេលកំពុងមានភាពមិនច្បាស់លាស់ចំពោះការបង្កើតរដ្ឋាភិបាលថ្មី ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណុលគ្រួសារជាមធ្យមមានចំនួន ៥៥៩ ៤០៩បាត ឬស្មើប្រហែល ១៦​ ០០០ដុល្លារ នៅក្នុងឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើងដល់ទៅ ១១,៥% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។

យ៉ាងណាមិញ ប្រធានសាកលវិទ្យាល័យ លោក Thanavath Phonvichai បាននិយាយនៅក្នុងសន្និសីទមួយថា ប្រជាជនថៃអាចនឹងនៅតែបន្តខ្ចីប្រាក់បន្ថែមទៀត ហើយកម្រិតបំណុល អាចនឹងបន្តកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ ២០២៤ ខាងមុខ។

លោក Thanavath បានបន្ថែមទៀតថា បើទោះបីជាមានការបោះឆ្នោតក៏ដោយ តែការស្ទុះងើបឡើងវិញសេដ្ឋកិច្ច នៅតែមិនមានភាពច្បាស់លាស់ ដែលនេះមានន័យថាប្រជាជន នៅតែបន្តប្រឈមមុខជាមួយនឹងបញ្ហាសេដ្ឋកិច្ច ជាមួយនឹងតម្លៃនៃការរស់នៅខ្ពស់ និងប្រាក់ចំណូលទាប ដែលអាចអូសបន្លាយរហូតដល់ដើមឆ្នាំក្រោយ។

ជម្រាបជូនផងដែរថា សភាថៃ កាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅ បានធ្វើការពន្យាពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលនេះបានធ្វើឱ្យបន្តមានការពន្យាពេលទៅលើការបង្កើតរដ្ឋាភិបាលថ្មី ក៏ដូចជាគោលនយោបាយនានា ក្នុងការជំរុញដល់សេដ្ឋកិច្ចជាតិ ផងដែរ ៕